ព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា រុស្ស៉ីបានប្រកាសថា ខ្លួនបានធ្វើការបាញ់តេស្តដោយជោគជ័យ នូវមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរចេញពីនាវាមុជទឹកថ្មីរបស់ខ្លួន។
ក្រសួងការពារជាតិរុស្ស៉ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នាវាមុជទឹកយុទ្ធសាស្រ្តថ្មីដើរដោយថាមពលនុយក្លេអ៊ែរ Emperor Alexander III បានបាញ់សាកល្បងដោយជោគជ័យនូវមីស៉ីល ICBM Bulava។ ការធ្វើតេស្តនោះ ត្រូវបានធ្វើឡើងចេញពីទីតាំងមួយនៅដែនសមុទ្រស ដែលស្ថិតនៅក្បែរឆ្នេរភាគពាយព្យប្រទេសរុស្ស៉ី ឆ្ពោះទៅកាន់គោលដៅដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ នៅឯឧបទ្វីប Kamchatka នៃតំបន់ចុងបូព៌ា
រុស្ស៉ី។ យ៉ាងណាមិញ ពុំមានការបញ្ជាក់ថា ការធ្វើតេស្តបានប្រព្រឹត្តទៅកាលពីពេលណាឡើយ។
ការធ្វើតេស្តបាញ់មីស៉ីលដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរខាងលើ កើតមានឡើងបន្ទាប់ពីរុស្ស៉ីទើបតែបានលុបចោលការផ្តល់សច្ចាប័ន ចំពោះសន្ធិសញ្ញាហាមហាត់ការធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរ ក្នុងសប្តាហ៍នេះ។ នាវាមុជទឹក Emperor Alexander III ត្រូវបានដាក់ទៅលើផ្ទៃទឹកកាលពីខែធ្នូ ឆ្នាំ២០២២ ក្រោយការសាងសង់រួចរាល់ ដើម្បីឆ្លងកាត់ការធ្វើតេស្ត។
នាវាមុជទឹកខាងលើមានបំពាក់មីស៉ីល Bulava សរុប១៦គ្រាប់។ មីស៉ីល ICBM នេះ មានប្រវែង១២ម៉ែត្រ និងរយៈចម្ងាយធ្វើដំណើរខ្ទង់៨,០០០គីឡូម៉ែត្រ ហើយអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានដល់៦គ្រាប់។ វាបានក្លាយជាឆ្អឹងខ្នងផ្នែកខាងជើងទឹក នៃយុទ្ធសាស្រ្តអាវុធនុយក្លេអ៊ែរត្រីមុខគឺជើងគោក អាកាស និងទឹក របស់ប្រទេសរុស្ស៉ី៕ ដោយ៖ ធីរីណា

រូបថត៖ RIA NOVOSTI
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច