ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលគ្រោងចំណាយ៥១ពាន់លានដុល្លារក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស់នៅហ្គាហ្សា

ចែករំលែក៖

ថ្ងៃនេះ (ថ្ងៃទី ៥ ខែវិច្ឆិកា) កាសែត Calcalist បានដកស្រង់ទិន្នន័យបឋមពីក្រសួងហិរញ្ញវត្ថុអុីស្រាអែលដែលបានរាយការណ៍ថា សង្រ្គាមរបស់អុីស្រាអែលជាមួយក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីបនឹងចំណាយប្រាក់រហូតដល់ 51 ពាន់លានដុល្លារដែលស្មើនឹង 10 % នៃ GDP របស់អុីស្រាអែល។
Calcalist daily បានផ្សាយថា ការប៉ាន់ប្រមាណខាងលើគឺផ្អែកលើមូលដ្ឋាននៃសង្រ្គាមរយៈពេល 8 ទៅ 12 ខែដែលមានកំណត់នៅក្នុងតំបន់ហ្គាហ្សា និងដោយគ្មានការចូលរួមពីក្រុមហេសបូឡា អុីរ៉ង់ ឬយេម៉ែន។
យោងតាម Calcalist ការចំណាយទាំងនោះរួមមានការចំណាយលើការការពារ ប្រាក់ចំណូលដែលបាត់បង់ សំណងដល់អាជីវកម្ម និងការចំណាយសម្រាប់ការស្តារឡើងវិញ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអុីស្រាអែល លោក Bezalel Smotrich បាននិយាយពីមុនថា រដ្ឋាភិបាលអុីស្រាអែលកំពុងរៀបចំកញ្ចប់ជំនួយសេដ្ឋកិច្ចសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយសង្រ្គាម ហើយកញ្ចប់នេះនឹងមានទំហំធំជាងកញ្ចប់ជំនួយសង្គ្រោះក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ។ ចំពេលមានជម្លោះ ទីភ្នាក់ងារវាយតម្លៃឥណទាន S&P បានបន្ទាបទស្សនវិស័យវាយតម្លៃរបស់អុីស្រាអែលទៅជា “អវិជ្ជមាន”។
មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អុីស្រាអែលប៉ុណ្ណោះទេ បើយោងតាមអ្នកវិភាគ គ្រប់សេណារីយ៉ូជម្លោះទាំងអស់អាចជំរុញឱ្យតម្លៃប្រេងកើនឡើងដល់កម្រិតខ្ពស់ អតិផរណាកាន់តែខ្ពស់ និងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ ក្នុងករណីដ៏អាក្រក់បំផុត តម្លៃប្រេងពិភពលោកអាចឡើងដល់ 150 ដុល្លារ/បារ៉ែល។ អតិផរណាពិភពលោកទំនងជានឹងកើនឡើងដល់ 6.7% នៅឆ្នាំ 2024 ដែលខ្ពស់ជាងការព្យាករណ៍បច្ចុប្បន្ន 5.8% ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៕

ដោយ៖ធីរីណា(រូប​ថត​៖ AFP)


ចែករំលែក៖