ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតអបអរសាទរខួប ១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផលផ្លូវប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្ញើលិខិតអបអរសាទរ ជូនចំពោះ លោក Zhou Yong នាយកក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជា ផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផលផ្លូវប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា។

នៅក្នុង​លិខិត​របស់​សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ បានបញ្ជាក់ថា​៖​ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះក្រុមហ៊ុន Cambodia PPSHV Expressway Co.Ltd ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជា ផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផលផ្លូវប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា។

ក្រោយពីបានបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ អស់រយៈពេល ១ឆ្នាំកន្លងមក យើងសង្កេតឃើញថា ផ្លូវល្បឿនលឿននេះ ទទួលបានការកោតសរសើរ និងការពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលធ្លាប់បានធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿននេះឆ្ពោះទៅខេត្តព្រះសីហនុ ឬតំបន់ផ្សេងៗទៀត ប្រកបដោយ ភាពសប្បាយរីករាយ ដូច្នេះ ផ្លូវល្បឿនលឿននេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយបានជួយបញ្ចៀសការកកស្ទះចរាចរណ៍ និងកាត់ បន្ថយពេលវេលាធ្វើដំណើរមកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះ ដែលយើងអាចធ្វើដំណើរទៅមក រវាងភ្នំពេញ និងខេត្តព្រះសីហនុវិលល្ងាច ដោយងាយស្រួល និងសុវត្ថិភាព។

លើសពីនេះ ផ្លូវល្បឿនលឿននេះ មិនត្រឹមតែផ្ដល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាច្រើន ក្នុងការ ធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាពិតជាបានក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់ផងដែរ ជាពិសេសនឹងជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ឆ្លើយតប ជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយ ខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ម្យ៉ាងវិញទៀត បើគិតក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃការតភ្ជាប់ផ្លូវល្បឿនលឿននេះគីជាខ្សែផ្លូវដែលតភ្ជាប់ ប៉ូលសេដ្ឋកិច្ចទី១ រាជធានីភ្នំពេញ ទៅប៉ូលសេដ្ឋកិច្ចទី២ ខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលដៅអភិវឌ្ឍន៍ច្បាស់លាស់ ដោយចាត់ទុកខេត្តព្រះសីហនុ និងបណ្តាខេត្តដែលស្ថិតក្នុងប៉ូលសេដ្ឋកិច្ចទី២ ជា គោលដៅតំបន់ឧស្សាហកម្ម សក្តានុពលទេសចរណ៍ ឆ្នេរសមុទ្រធម្មជាតិ កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងការ ដឹកជញ្ជូនទំនិញឆ្លងកាត់តាមផ្លូវគោក ផ្លូវសមុទ្រ និងកំពង់ផែ។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គឺជាគម្រោងដ៍មានសារៈសំខាន់មួយស្ថិតក្រោមគំនិតផ្តួច ផ្ដើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) ដែលបានដាក់ចេញដោយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ គីជាការតភ្ជាប់តំបន់អាស៊ី ទៅតំបន់អឺរ៉ុប ដែលជួយពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងជាផ្នែកមួយជួយបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៅតំបន់អាស៊ី និងអឺរ៉ុប ឱ្យកាន់តែមានភាពជិតស្និទ្ធផងដែរ។ ការវិនិយោគរបស់ក្រុមហ៊ុនលើការកសាងផ្លូវល្បឿនលឿននេះ បានបង្ហាញអំពីអត្ថប្រយោជន៍ជាក់ស្តែង ដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ និងកិច្ចសហប្រតិបត្តិការមិត្តដែកថែបមិនអាចកាត់ថ្លៃបាន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។

ពិធីអបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គឺជាសក្ខីភាពបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការសាងសង់ផ្លូវប្រកបដោយ ស្ដង់ដារ និងគុណភាពខ្ពស់ និងការគ្រប់គ្រងប្រតិបត្តិការ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងភាពជោគជ័យ ហើយ ក៏ស្របពេលខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និង “ឆ្នាំមិត្តភាពកម្ពុជា-ចិន” ផងដែរ។ ចាប់តាំងពីមានចំណងទាក់ទងការទូតរយៈពេលជាងពាក់កណ្ដាលសតវត្សរ៍កន្លងមកនេះ មិត្តភាពជាប្រពៃណី រវាងប្រទេសកម្ពុជា និងចិន ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងពង្រឹងពង្រីកដោយថ្នាក់ដឹកនាំ ជំនាន់ក្រោយ បានធ្វើឱ្យប្រទេសទាំងពីរក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលបច្ចុប្បន្ននេះ។

ខ្ញុំមានទំនុកចិត្តថា ក្រុមហ៊ុននឹងបន្តឆន្ទៈយ៉ាងមុតមាំនេះ និងបន្តខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធិភាពប្រតិបត្តិការ របស់ខ្លួន ដោយចាប់យកនូវកាលានុវត្តភាពនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីៗដែលស្របនឹងបរិបទសកល មកបើ ប្រាស់ឱ្យបានទូលំទូលាយ សំដៅបង្កើនស័ក្តសិទ្ធភាព និងភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ និង សូមសំណូមពរដល់ក្រុមហ៊ុនបន្តធ្វើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឱ្យស្របតាមស្ដង់ដារបច្ចេកទេស និងបញ្ចប់តាមកាលបរិច្ឆេទកំណត់។

ជាថ្មីម្ដងទៀត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះក្រុមហ៊ុន ក្នុងឱកាសខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយសូមជូនពរឱ្យក្រុមហ៊ុនទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀតក្នុងប្រតិបត្តិការវិនិយោគរបស់ខ្លួន នៅក្នុង ព្រះរាជាណាចក្រកម្ពុជា៕

ដោយ​៖សហការី​


ចែករំលែក៖