ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី១០ទិវាជាតិអាហារូបត្ថម្ភ “ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ”

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានអបអរសាទរខួបលើកទី១០ ទិវាជាតិអាហារូបត្ថម្ភ “ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ”។ 

នៅក្នុង​សាររបស់​សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ បានបញ្ជាក់ថា​ ​ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី ១០ ក្រោមប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ” ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនារីករាយ និងសូមគាំទ្រដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដែលបានរួមគ្នារៀបចំទិវាជាតិដ៏មានសារៈសំខាន់នេះ។ ទិវាជាតិអាហារូបត្ថម្ភត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នាថ្ងៃទី៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយអំពីសារៈសំខាន់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

ចំពោះ ទិវាជាតិអាហារូបត្ថម្ភលើកទី១០ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានជ្រើសរើសយកប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ” ស្របពេលដែលអង្គការ សហប្រជាជាតិនឹងរៀបចំសន្និសីទកំពូលបណ្ដាភាគីលើកទី២៨ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការ ប្រែប្រួលអាកាសធាតុ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីផ្ដល់ឱកាសឱ្យរដ្ឋជាសមាជិកទាំងអស់បង្ហាញពីការប្តេជ្ញាចិត្តចំពោះអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងតាមគោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

បញ្ហាប្រព័ន្ធស្បៀង និងការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាធំពីរដែលអង្គការសហប្រជាជាតិកំពុងយកចិត្ត ទុកដាក់ដោះស្រាយ ដើម្បីឱ្យមនុស្សគ្រប់រូបទទួលបានសន្តិសុខស្បៀង អាហារូបត្ថម្ភ របបអាហារសុខភាព ការពារ បរិស្ថាន និងជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង។ ការលើកកម្ពស់ប្រព័ន្ធស្បៀង តាមរយៈការបង្កើនការផលិត ការកែច្នៃ ការវេចខ្ចប់ ការដឹកជញ្ជូន ការយកស្បៀងទៅប្រើប្រាស់ និងការគ្រប់គ្រងកាកសំណល់ ស្បៀងអាហារ បណ្តាលឱ្យមានកំណើននៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ធ្វើឱ្យប៉ះពាល់បរិស្ថាន និងរួមចំណែកឱ្យមានការប្រែប្រួលអាកាសធាតុ។ ចំណែកឯ ការប្រែប្រួលអាកាសធាតុនឹងបណ្តាលឱ្យមានគ្រោះធម្មជាតិដូចជា៖ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ និងរលកកម្ដៅដែលបង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម ជីវចម្រុះ ប្រព័ន្ធអេកូឡូស៊ី ប្រព័ន្ធធារាសាស្ត្រ ដីស្រែចម្ការ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សុខភាព សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសស្ត្រី និងកុមារ។

គួរកត់សម្គាល់ថា ស្ថិតក្នុងបរិបទដែលប្រទេសមួយចំនួនក្នុងពិភពលោក បាននិងកំពុងប្រឈមនឹងបញ្ហាអសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ កម្ពុជាមិនត្រឹមតែអាចបញ្ចៀសបាននូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាប់យកឱកាសនេះ ដើម្បីពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញវិធានការ ជាបន្តបន្ទាប់ ដើម្បីផលិត និងផ្គត់ផ្គង់ផលិតផលកសិកម្ម និងស្បៀងអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ទៅទីផ្សារក្នុងតំបន់ និងពិភពលោកទៀតផង ជាពិសេសស្រូវ អង្ករ។ មិនតែប៉ុណ្ណោះ ដោយឈរលើមូលដ្ឋានសន្តិភាព និងស្ថិរភាពដ៏រឹងមាំ ព្រមទាំងការប្ដេជ្ញាចិត្តខ្ពស់នោះ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថានឹងអាចឈានទៅសម្រេចបាននូវចក្ខុវិស័យស្ដីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងបន្តខិតខំពង្រឹងកិច្ច សហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា អង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និង វិស័យឯកជន ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ធន់នឹងវិបត្តិនានា និងជួយកាត់បន្ថយ ផលប៉ះពាល់ទៅលើបរិស្ថាន។

ពាក់ព័ន្ធដល់ដំណើរការនៃការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់ឆ្នាំ ២០២៣-២០២៨ ដោយកំណត់គោលដៅ គោលនយោបាយ យុទ្ធសាស្ត្រ វិធានការ និងផែនការសកម្មភាពជាច្រើនសំដៅ៖ ទីមួយ គឺការសម្រាលនូវផលប៉ះពាល់ទៅលើអាកាសធាតុដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ តាមរយៈការជំរុញ ឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង និងការលើកកម្ពស់ ឥណទានបៃតង ទីផ្សារកាបូនជាដើម និងទីពីរ គឺការសម្របតាមការប្រែប្រួលអាកាសធាតុដោយផ្អែកលើមូលដ្ឋាននៃការកាត់បន្ថយភាពងាយរងគ្រោះពីឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ ជាអាទិ៍ តាមរយៈការជំរុញការវិនិយោគសាធារណៈដែលមានភាពធន់ ពង្រឹងប្រព័ន្ធ ប្រកាសអាសន្នជាមុន ខិតខំប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប និងវិធានការសរុប ដើម្បីការពារអាយុជីវិត សុវត្ថិភាព សុខភាព និងផ្ដល់ស្បៀងអាហារសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋ ដូចដែលរាជរដ្ឋាភិបាល បាននិងកំពុង យកចិត្តទុកដាក់អនុវត្តជាប្រចាំស្រាប់ ដោយឈរលើគោលការណ៍គ្មានប្រជាជនណាម្នាក់ដែលជួបទុក្ខលំបាក និងគ្មានលទ្ធភាពដោះស្រាយ ហើយរាជរដ្ឋាភិបាលមិនបានជួយដោះស្រាយនោះឡើយ។

ក្នុងឱកាសដ៏ប្រពៃនៃការប្រារព្ធ ទិវាជាតិអាហារូបត្ថម្ភលើកទី ១០ ក្រោមប្រធានបទ “ការពង្រឹង ប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ” រាជរដ្ឋាភិបាលសូមផ្ដល់អនុសាសន៍ដូចតទៅ ៖ 

១. ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងតួអង្គពាក់ព័ន្ធដទៃទៀត អនុវត្តផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០៣០ និងរៀបចំយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យទទួលបានជោគជ័យ ពិសេសបញ្ចកោណទី១ មុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្ទៀង។

២. ក្រសួងព័ត៌មាន ត្រូវណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងឯកជន អ្នកប្រើប្រាស់បណ្ដាញសង្គម ចូលរួមជួយផលិតកម្មវិធី រឿងអប់រំខ្លីៗ និងចម្រៀងដែលទាក់ទងនឹងប្រធានបទ ប្រព័ន្ធស្បៀង អាហារូបត្ថម្ភ និងការប្រែប្រួលអាកាសធាតុ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន។

៣. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹង និងពង្រីកការស្រាវជ្រាវ និងផ្សព្វផ្សាយ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ គ្រាប់ពូជដំណាំ និងពូជសត្វដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង ផ្តោតលើការធ្វើពិពិធកម្មកសិកម្ម ផលិតកម្មស្បៀងអាហារដែលសម្បូរសារជាតិចិញ្ចឹម និងការពារផលិតផល ស្បៀងអាហារដែលកើតចេញពីធម្មជាតិ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភរបស់ប្រជាជន។

៤. ក្រសួងបរិស្ថាន ត្រូវបន្តអនុវត្ត និងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការលើកកម្ពស់ ជីវភាព និងបង្កើនអាហារូបត្ថម្ភប្រជាសហគមន៍មូលដ្ឋាន តាមរយៈ “អភិរក្ស និងគ្រប់គ្រងតំបន់ការពារធម្មជាតិ ប្រកបដោយចីរភាព និងអភិវឌ្ឍគាំទ្រសហគមន៍អេកូទេសចរណ៍” ដោយរៀបចំឱ្យមានសហគមន៍អេកូទេសចរណ៍ ផ្តល់សេវាល្អ ចងកងរបៀងសហគមន៍អេកូទេសចរណ៍ តាមរយៈការលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងបង្កើនការងារបៃតងផ្សេងៗទៀត តាមសហគមន៍មូលដ្ឋាន និងបន្តជំរុញយុទ្ធនាការដាំដើមឈើមួយលានដើម ក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើ និងសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ព្រមទាំងជំរុញ ការចូលរួមចំណែករបស់ជាតិ ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និង ជំរុញឱ្យមានកំណើនបៃតង ធានាឱ្យមានការការពារបរិស្ថាន និងសេវាប្រព័ន្ធបរិស្ថាននិងប្រព័ន្ធស្បៀង។

៥. គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ត្រូវបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឱ្យមាន លទ្ធភាពកាន់តែច្រើន និងអនុវត្តបានរហ័សទាន់សភាពការណ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើអន្តរាគមន៍ ជួយប្រជាពលរដ្ឋ តាមរយៈការផ្ដល់ស្បៀង ការផ្តល់គ្រាប់ពូជស្រូវ និងពូជដំណាំបន្លែសម្រាប់ស្តារការដាំដុះឡើងវិញ ក្រោយរងការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះអាសន្ននានានិងជំរុញការដាំដុះបន្លែមានសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់គ្រួសារ ចូលរួមលើកកម្ពស់អាហារូបត្ថម្ភ បង្កើនប្រាក់ចំណូល និងប្រាក់សន្សំ។

៦. គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងប្រព័ន្ធស្បៀង សុវត្ថិភាពម្ហូបអាហារ “ចាប់ពីកសិដ្ឋានទៅដល់កន្លែង បរិភោគ” ត្រូវសហការនិងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងការខ្ជះខ្ជាយ ម្ហូបអាហារ និងដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានតាមខ្សែចង្វាក់ផលិតកម្មកែច្នៃ និងវេចខ្ចប់ម្ហូបអាហារ និងធានាថារាល់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានគោរពតាម និងផ្សព្វផ្សាយជាសាធារណៈដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់។ 

៧.ក្រសួងផែនការត្រូវសហការនិងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីរៀបចំគោលនយោបាយអាហារបញ្ចូលមីក្រូសារជាតិ និងបន្តផ្សព្វផ្សាយពីសារៈសំខាន់ន ការប្រើប្រាស់អាហារបញ្ចូលមីក្រូសារជាតិឱ្យបានទូលំទូលាយ និងពង្រីកការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋ។ 

៨. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ជាសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និង ធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន។

មុននឹងបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប សូមបន្តការយកចិត្តទុកដាក់ និងអនុវត្ត ភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ឆ្លាតវៃ ធន់ បរិយាបន្ន ផ្តល់របបអាហារសុខភាព និងអាហារូបត្ថម្ភ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឈានឆ្ពោះទៅ សម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ពិសេសគោលដៅទី២ គឺ បញ្ចប់ភាពអត់ឃ្លាន សម្រេច ឱ្យបាននូវសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព។

ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមប្រសិទ្ធពរជ័យជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកសី និងបងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖ សហការី​


ចែករំលែក៖