ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធ បានចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ក្នុងដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប នាព្រឹកថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ ។
ថ្លែងក្នុងការបើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ ដែល បានធ្វើឡើងនៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជនបានបញ្ជាក់ថា៖”ការប្រឡងនេះមិនមែនប្រឡងដើម្បីប្រឡងនោះទេពោលគឺការប្រឡងដើម្បីលើកទឹកចិត្តឱ្យសិស្សរៀនសូត្រដែលជាគោលនយោបាយថ្មីលើវិស័យអប់រំ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្តេចធិបតី ហ៊ុនម៉ាណែតក៏បានដាក់ចេញនូវយុទ្ធសាស្រ្តលើវិស័យអប់រំនេះផងដែរ”។
សូមបញ្ជាក់ថា ការប្រឡងយកសញ្ញាបត្រ បាក់ឌុប នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ដោយមានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់ ។ សម្រាប់វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដា សន្លឹកក្រដាសចែកជូនបេក្ខជន។
គួររំលឹកផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ ៖ ភារ៉ា ដង្កោ