ខេត្តកំពង់ស្ពឺ៖ ដូចការគ្រោងទុកនៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ តុលាការខេត្តកំពង់ស្ពឺ បានប្រកាសសាលក្រមផ្តន្ទាទោសពិរុទ្ធជនឈ្មោះ ហ៊ុយ សេង ជាស្មៀនសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដាក់ពន្ធនាគារកំណត់រយៈពេល ៦ខែ ពីបទ បរិហារបង្កាច់កេរ្ដិ៍ យោងតាមមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។
គួរបញ្ជាក់ថា តុលាការខេត្តកំពង់ស្ពឺ បានបើកសវនាការសាកសួរដេញដោលលើបណ្ដឹងទាស់សាលក្រមកំបាំងមុខ របស់ពិរុទ្ធជនឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។
ការកាត់ទោសជនជាប់ចោទឈ្មោះ ហ៊ុយ សេង ស្មៀនសង្កាត់ព្រះស្រែជាដែលសម្បូររឿងអាស្រូវ និងមានចរិតអួតក្អេងក្អាងដាក់ពលរដ្ឋ ធ្វើឡើងបន្ទាប់ពីជនជាប់ចោទរូបនេះ ប្ដឹងទាស់នឹងសាលក្រមកំបាំងមុខរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានផ្តន្ទាទោសខ្លួនដាក់គុកជនជាប់ចោទរយៈពេល ៦ខែ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ តាមបណ្ដឹងរបស់ជនរងគ្រោះជាពលរដ្ឋ ពីបទ បរិហារបង្កាច់កេរ្តិ៍។
សូមរម្លឹកថា តុលាការខេត្តកំពង់ស្ពឺ បានបើកសវនាការកាត់ទោស ជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែជនជាប់ចោទឈ្មោះ ហ៊ុយ សេង ពុំបានចូលខ្លួនទាំងនីតិវិធីសវនាការ និងការស្ដាប់ការប្រកាសសាលក្រម។
កាលពីពេលកន្លងទៅ តុលាការខេត្តកំពង់ស្ពឺ តាមរយៈក្រសួងយុត្តិធម៌ បានផ្ញើលិខិតជូនដំណឹងស្ដីពីការចោទប្រកាន់លើជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ទៅជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជ្រាប អំពីនីតិវិធីរបស់តុលាការចំពោះមន្ត្រីមុខងារសាធារណៈ នៃក្រសួងមហាផ្ទៃរូបនេះ ដែលកំពុងត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ។
លិខិតជូនដំណឹង ដែលតុលាការខេត្តកំពង់ស្ពឺ បានគោរពជូន សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងដោយអនុលោមតាមច្បាប់ស្ដីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យតុលាការជូនដំណឹងដល់អង្គភាពសាមី នៃជនជាប់ចោទ ដើម្បីឲ្យមានការដាក់ពិន័យរដ្ឋបាល ឬដកតំណែង ជនជាប់ចោទជាបណ្ដោះអាសន្នទុកជូនតុលាការសម្រេចសេចក្ដីទៅតាមនីតិវិធី។
យោងតាមមាត្រា ៥២ នៃច្បាប់ស្ដីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា អ្នករាជការណាដែលកំពុងជាប់ការចោទប្រកាន់ទៅតុលាការជំនុំជម្រះ អាចត្រូវផ្អាកពីមុខងារសិន ក្នុងករណីចាំបាច់។
ពិរុទ្ធជនឈ្មោះ ហ៊ុយ សេង ដែលធ្លាប់ប្រកាសអួតប្រាប់ពលរដ្ឋក្នុងស្រុកភូមិថា ខ្លួនជាអ្នកមានលុយរាប់មិនអស់ (ដោយប្រើពាក្យថា៖ អញ! មានលុយចាយមិនអស់! ចង់ទិញឡានប៉ុន្មានគ្រឿងក៏បាន! ចង់ឲ្យក្មេងឈូសលេងក៏មិនអស់ដែរ!…) មានរឿងអាស្រូវធ្វើបាបរាស្ត្រជាមួយមេឈ្មួញរកស៊ីដីមិនចេះចប់ និងធ្លាប់ប្ដឹង ,គំរាមប្រជាជនណាដែលហ៊ានចេញមុខការពារដីរដ្ឋ ,ដីរួម និងជួយប្រជាជនរងគ្រោះព្រោះឈ្មួញលួចដីយកទៅលក់នោះ ត្រូវបានពលរដ្ឋរងគ្រោះប្ដឹងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ បរិហារបង្កាច់កេរ្តិ៍ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌។
ពិរុទ្ធជនឈ្មោះ ហ៊ុយ សេង ជាស្មៀនសង្កាត់ព្រះស្រែ ដែលសម្បូររឿងអាស្រូវរូបនេះ ក៏ធ្លាប់ត្រូវពលរដ្ឋប្ដឹងទៅកាន់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរកាលពីអំឡុងឆ្នាំ២០១៧ ពាក់ព័ន្ធករណី ធ្វើរបងបេតុង និងចាក់ដីរំលោភយកដីអូរសាធារណៈរបស់រដ្ឋផងដែរ។
ប៉ុន្ដែរហូតមកដល់ពេលនេះ ពុំទាន់ឃើញមានអាជ្ញាធរជំនាញថ្នាក់លើណា ហ៊ានឲ្យមន្ត្រីស្មៀនដែលមានលុយរាប់មិនអស់រូបនេះ វាយរបងបេតុងដែលរំលោភយកចំណីអូរសាធារណៈរបស់រដ្ឋនោះចេញនៅឡើយទេ គឺមន្ត្រីជំនាញបានត្រឹមតែចុះពិនិត្យ និងធ្វើកំណត់ហេតុជូនថ្នាក់លើថាពិតជាមានការរំលោភយកដីអូរប្រាកដមែន។ ជាមួយគ្នានោះ ក៏ពុំមានឃើញមន្ត្រីថ្នាក់លើណាហ៊ានដាក់ពិន័យរដ្ឋបាលលើ មន្ត្រីស្មៀនរូបនេះឡើយ។
ប្រជាពលរដ្ឋ សង្ឃឹមថា ឯកឧត្តម អភិសន្តិបណ្ឌិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ នឹងចាត់វិធានការអនុវត្តអភិក្រមទី៥ របស់រាជរដ្ឋាភិបាលលើមន្ត្រីឈ្មោះ ហ៊ុយ សេង ឲ្យសមតាមកំហុសជាច្រើនកន្លងទៅ៕
ដោយ៖ ចន្ទ លីហ្សា