ភ្នំពេញ ៖ ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេសនៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ ២០២៣» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការឯកភាពគ្នាក្នុងបទដ្ឋានការងារ មេរៀន និងកម្មវិធីហ្វឹកហ្វឺននេះ គឺជាកិច្ចការដ៏សំខាន់ ព្រោះកងទ័ពត្រូវការការធ្វើប្រតិបត្តិការជាក្រុម។
សម្តេចធិបតីបានបន្តថា ទាំងពលទាហាន នាយទាហានរង និងនាយទាហាន ត្រូវទាមទារឱ្យមានការយល់ដឹង និងមានការឯកភាពគ្នា មិនថាតែនៅក្នុងជំនាញយុទ្ធវិធីនៅក្នុងសមរភូមិទេ ប៉ុន្តែគឺថែមទាំងជំនាញនៅតាមបណ្ដាការិយាល័យចំណុះទៀតផង ដូចជាជំនាញភស្តុភា ហ្វឹកហ្វឺន និងបច្ចេកទេស ត្រូវមានស្ដង់ដារួមមួយ។
ដើម្បីសម្រេចបាននូវកិច្ចការនេះ សម្ដេចធិបតីបានជំរុញដល់ក្រសួងការពារជាតិឱ្យបន្តពង្រឹងសាលាបណ្ដុះបណ្ដាលនាយទាហាន ជា ៣ កម្រិត ដែលឯករាជ្យ និងប្រទាក់ក្រឡា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការធ្វើទំនើបកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យការពារជាតិ ដែលមាន៣ចំណុចនោះរួមមាន៖ ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ, ទំនើបកម្មក្នុងការហ្វឹកហ្វឺន និងទំនើបកម្មគ្រឿងបំពាក់។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី មានប្រសាសន៍យ៉ាងដូច្នេះថា «ការធ្វើទំនើបកម្មកងទ័ព គឺយើងត្រូវផ្ដោតសំខាន់លើកិច្ចការសំខាន់៣ រួមមាន ទី១៖ ទំនើបកម្មរចនាសម្ព័ន្ធ, ទី២៖ ទំនើបកម្មការហ្វឹកហ្វឺន និងទី៣៖ ទំនើបកម្មគ្រឿងបំពាក់»។
ក្នុងនោះ សម្ដេចធិបតី បានពន្យល់ទៀតថា៖ ចំពោះទំនើបកម្មរចនាសម្ព័ន្ធ ត្រូវពិនិត្យវាយតម្លៃជាប់ជាប្រចាំ ទៅលើការកែសម្រួល ឬពង្រឹងរចនាសម្ព័ន្ធ ដើម្បីឲ្យឆ្លើយតបទៅនឹងសំណូមពរភារកិច្ច នៅពេលបច្ចុប្បន្ន និងទៅអនាគត ព្រោះគ្រប់សម័យកាលហានិភ័យ និងការប្រឈមមានស្ថានភាពខុសៗគ្នា។ កិច្ចការទាំងអស់នេះទាមទារឲ្យគ្រប់ស្ថាប័នជាតិ ពិសេសកម្លាំងសន្ដិសុខ បន្ដយកចិត្តទុកដាក់ក្នុងការវាយតម្លៃ និងកែសម្រួលរចនាសម្ព័ន្ធដើម្បីឲ្យឆ្លើយតប។
ចំពោះទំនើបកម្មហ្វឹកហ្វឺន ត្រូវផ្ដោតទៅលើការពង្រឹង និងទំនើបកម្មសាលា, ពង្រឹងកម្មវិធីហ្វឹកហ្វឺន និងមេរៀន និងពង្រឹងទំនើបកម្មសម្ភារៈមធ្យោបាយ រួមទាំងទីលានហ្វឹកហ្វឺន។ ធនធានមនុស្សបើគ្មានជំនាញពិតប្រាកដ មិនធានានូវប្រសិទ្ធភាពប្រតិបត្តិការ និងឆ្លើយតបនោះទេ ដូច្នេះការហ្វឹកហ្វឺន គឺជាគោលសំខាន់ដែលត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ហើយបើនិយាយអំពីការហ្វឹកហ្វឺន គឺផ្ដោតទៅលើការពង្រឹងសាលា។
ចំពោះទំនើបកម្មគ្រឿងបំពាក់ ត្រូវបំពាក់បន្ថែមនូវសម្ភារៈដែលបម្រើឲ្យកិច្ចប្រតិបត្តិការ និងសង្គ្រោះនៅពេលមានគ្រោះមហន្ដរាយកើតឡើង ៕
ដោយ ៖ សហការី