សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា កាលពីថ្ងៃទី៩ខែវិច្ឆិកា រុស្ស៉ីបានចេញមុខថ្កោសទោស នូវអ្វីដែលខ្លួនចាត់ទុកជា ការអត្ថាធិប្បាយមិនអាចទទួលយកបានដាច់ខាត ដោយរដ្ឋមន្រ្តីបេតិកភណ្ឌ និងកិច្ចការទីក្រុងហ៊្សេរុយសាឡិមរបស់អ៉ីស្រាអែល គឺលោក Amichay Eliyahu ពាក់ព័ន្ធការប្រើប្រាស់អាវុធនុយក្លេអ៊ែរលើដែនដីប៉ាឡេស្ទីន ហ្កាហ្សា ស្រ្ទីប (Gaza Strip)។
ការអត្ថាធិប្បាយរបស់លោក Eliyahu ដែលភ្លាមៗក្រោយមក រូបលោកបានចេញមុខបកស្រាយវិញនោះ បានបង្កឱ្យមានរិះគន់មិនពេញចិត្តជាខ្លាំង និងឈានដល់ការព្យួរតួនាទីរបស់លោកជាបណ្តោះអាសន្ន។ អ្នកនាំពាក្យនៃក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បាននិយាយថា «ការអត្ថាធិប្បាយរបស់លោករដ្ឋមន្រ្តីអ៉ីស្រាអែល គឺមានលក្ខណៈបង្កហេតុជាខ្លាំង និងមិនអាចទទួលយកបានសោះតែម្តង ខណៈការលើកឡើងបែបនោះ គឺចង់បានន័យថា ប្រជាជនទាំងអស់នៃតំបន់ Gaza Strip កំពុងរងការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ… តើវាគឺជាការគំរាមកំហែងចង់ប្រល័យពូជសាសន៍ឬ»។
កន្លងទៅថ្មីៗនេះ លោក Eliyahu បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៉ីស្រាអែលថា រូបលោកហាក់មិនពេញចិត្តទាំងស្រុងឡើយជាមួយកម្រិតនៃការសងសឹករបស់អ៉ីស្រាអែល។ លោកបានឆ្លើយតបចំពោះសំណួរមួយ ដោយលើកឡើងថា ការទម្លាក់គ្រាប់បែកបរមាណូ នឹងជាជម្រើសមួយ ប៉ុន្តែក្រោយមកក៏បានចេញមុខបកស្រាយវិញថា ការអត្ថាធិប្បាយរបស់លោក គឺមានន័យប្រៀបធៀបតែប៉ុណ្ណោះ។
អ៉ីស្រាអែលត្រូវបានគេដឹងយ៉ាងទូលំទូលាយថា មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែអ៉ីស្រាអែលខ្លួនឯងផ្ទាល់ មិនដែលចេញមុខទទួលស្គាល់ឡើយ។ លោកស្រី Zakharova បានបន្ថែមថា «ការអត្ថាធិប្បាយនោះ មិនត្រឹមទទួលស្គាល់យ៉ាងច្បាស់ថា អ៉ីស្រាអែលមានអាវុធនុយក្លេអ៊ែរប៉ុណ្ណោះទេ ប៉ុន្តែក៏ស្តែងឱ្យឃើញពីការត្រៀមខ្លួនរួចជាស្រេចរបស់អ៉ីស្រាអែល ក្នុងការពិចារណាប្រើប្រាស់វា នៅក្រោមសេណារីយ៉ូដែលមិនត្រឹមត្រូវទាំងស្រុងផងដែរ»។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានរិះគន់លោកខាងលិច ដោយចោទថា ពួកគេគឺជាអ្នកដុតបញ្ឆេះភាពតានតឹងក្នុងតំបន់ ហើយបានរិះគន់អ៉ីស្រាអែល សម្រាប់ការប្រព្រឹត្តសកម្មភាពយ៉ាងខ្លាំងក្លាលើសលប់ នៅក្នុងជម្លោះដែលផ្ទុះឡើង។
សង្រ្គាមនៅតំបន់ Gaza បានចាប់ផ្តើមកាលពីជាង១ខែមុន នៅពេលខ្មាន់កាំភ្លើងរាប់រយនាក់ របស់ក្រុមហាម៉ាសប៉ាឡេស្ទីន បានឆ្លងពី Gaza សម្រុកចូលវាយឆ្មក់លើ ភាគខាងត្បូងអ៉ីស្រាអែល ហើយបានសម្លាប់មនុស្សប្រហែល ១,៤០០នាក់ ភាគច្រើនជាជនស៉ីវិល ព្រមទាំងចាប់មនុស្ស២៤០នាក់ផ្សេងទៀត យកធ្វើជាចំណាប់ខ្មាំង។ ដោយប្តេជ្ញាកម្ទេចពួកហាម៉ាស យោធាអ៉ីស្រាអែល បានសងសឹកវិញដោយការវាយប្រហារតាមផ្លូវអាកាសឥតឈប់ឈរ និងការបើកប្រតិបត្តិការជើងគោកចូលទៅតំបន់ Gaza ដែលមកទល់ពេលនេះ បានផ្តាច់ជីវិតមនុស្សជាង១០,៨០០នាក់ ភាគច្រើនជាជនស៉ីវិល៕
ដោយ៖ ធីរីណា(រូបថត៖ AP)