ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀស ចរាចរយានយន្តគ្រប់ប្រភេទ បណ្ដោះអាសន្ន ដើម្បីសម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបកោះនរា-កោះពេជ្រ នៅថ្ងៃទី១៥ វិច្ឆិកា ២០២៣ ។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍន៏ កោះនរា និងតំបន់អភិវឌ្ឍន៏កោះពេជ្រ ស្ថិតនៅសង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។ ដើម្បីឱ្យ កម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាក ចរាចរជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៏ កោះនរា និងតំបន់អភិវឌ្ឍន៏ កោះពេជ្រ និងជុំវិញទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង២៤:០០នាទីយប់ ឈានចូល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣រហូតដល់បញ្ចប់កម្មវិធី។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយ អនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរជាធម្មតាវិញ។ ទទួលបានសេចក្ដីជូន ដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ហាការដ្ឋានកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌច្បារអំពៅ រដ្ឋបាលខណ្ឌចំការមន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យ មានប្រសិទ្ធភាពខ្ពស់ ៕
ដោយ៖ សំរិត