ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីប្រជានេសាទលក្ខណៈគ្រួសារបានឲ្យដឹងថា បច្ចុប្បន្នគេសង្កេតឃើញកើតមានច្រើនណាស់ឧបករណ៍ចាប់ត្រី(របាំងសាច់អួន)ក្រឡាល្អិត នៅតំបន់សហគមន៍នេសាទស្រីចឹក ស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ប្រភពរាយការណ៍ឲ្យដឹងទៀតថា ឧបករណ៍ចាប់ត្រី(របាំងសាច់អួន)ក្រឡាល្អិត ដែលកំពុងកើតមានជាច្រើនខ្សែខាងលើនេះ មានវែងៗណាស់ គឺ ក្នុង១ខ្សែៗមានចាប់ពី១ពាន់ម៉ែត្រ រហូតដល់៣ពាន់ម៉ែត្រ ហើយជនប្រព្រឹត្តភាគច្រើនជាមន្រ្តីសហគមន៍នេសាទ(ស្រីចឹក)តែម្ដង ។
ប្រភពដដែលបញ្ជាក់ទៀតថា គេសង្កេតឃើញស្ថាប័នជំនាញពាក់ព័ន្ធឧស្សាហ៍ចុះដែរ ប៉ុន្តែក្រុមប្រព្រឹត្តហាក់បីដូចជាបានដឹងមុន ព្រោះពួកគាត់ស្រាយឧបករណ៍នោះពន្លិចទឹក ចំណែកបង្គោលគេអារត្រឹមទឹកដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ដូច្នេះហើយទើបគេសង្ស័យអាចស្ថាប័នទាំងនោះ លួចជូនដំណឹងដល់ក្រុមជនប្រព្រឹត្ត(មុន)ម្យ៉ាងទៀតទំនងក្រុមសមត្ថកិច្ចនិងក្រុមប្រព្រឹត្តជួបគ្នាស្ងាត់ៗ បញ្ហានេះ! អាចជាប្រព័ន្ធដល់មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដែលមានលោក ហៃ ធូរ៉ា ជាប្រធានមន្ទីរ ហើយលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ទទួលបន្ទុកបានជ្រាបដែរឬយ៉ាងណាទេ ៕
ដោយ៖ ប៉ឹម ពិន