ភ្នំពេញ៖ សម្រាប់អ្នក ប្រតិបត្តិករ ដែលផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញ ចោលសំណល់ ភក់បង្គន់ ពីអាងស្តុកលាមក នៅរាជធានីភ្នំពេញ ត្រូវស្នើសុំអាជ្ញាបណ្ណនៅ សាលារាជធានីភ្នំពេញ ដោយមិនគិតថ្លៃចាប់ពីថ្ងៃទី០១ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ក្រោយទទួលបានអាជ្ញាបណ្ណ ប្រតិបត្តិករមាន សិទ្ធិផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និង បញ្ចេញចោលសំណល់ភក់បង្គន់ នៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ ដែលមានទីតាំង ស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងករណីប្រតិបត្តិករបូម សំណល់ភក់បង្គន់ណាមួយ មិនអនុវត្តតាមរដ្ឋបាលរាជធានីភ្នំពេញ នឹងរងការចាត់វិធានការតាមផ្លូវច្បាប់ ។
នៅក្នុងសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆុកា ២០២៣នេះបានឱ្យដឹងថា បច្ចុប្បន្ន រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានសុខសន្តិភាព ហើយប្រជាពលរដ្ឋ មានជីវភាពកាន់តែធូរធារឡើង ដែលធ្វើឱ្យតម្រូវការរបស់ប្រជាពលរដ្ឋក៏មានការកើនឡើងផងដែរ។ ដោយសារ កំណើនប្រជាពលរដ្ឋ និងការប្រើប្រាស់ទឹក បានធ្វើឱ្យសំណល់ភក់បង្គន់កើនឡើងយ៉ាងឆាប់រហ័សស្របជាមួយ នឹងកំណើនរថយន្តបូមសំណល់ភក់បង្គន់ដែលកំពុងផ្តល់សេវាកម្មនៅរាជធានីភ្នំពេញ។
ប៉ុន្តែការគ្រប់គ្រងសំណល់ ភក់បង្កន់ពីអាងស្តុកលាមកនេះ នៅមិនទាន់សមស្របតាមលិខិតបទដ្ឋានគតិយុត្ត និងលក្ខណៈបច្ចេកទេស នៅឡើយ ដោយបានបង្កផលប៉ះពាល់ដល់សុខុមាលភាពសាធារណៈ និងអនាម័យបរិស្ថាននៅរាជធានីភ្នំពេញ ដែលទាមទារឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវធ្វើការគ្រប់គ្រងឱ្យបានល្អប្រសើរ។
ដូចនេះ ដើម្បីធ្វើឱ្យរាជធានីភ្នំពេញមានសោភ័ណភាព សណ្ដាប់ធ្នាប់ល្អ អនាម័យបរិស្ថានស្អាត គ្មានការបំពុល ជាទីក្រុងបៃតង និងជាកន្លែងផ្តល់នូវសុខុមាលភាពដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់ប្រតិបត្តិករបូមសំណល់ភក់បង្គន់ពីអាងស្តុកលាមក មន្ទីរជំនាញ រដ្ឋបាល ខណ្ឌទាំង ១៤ និងរដ្ឋបាលសង្កាត់ទាំង ១០៥ ដូចខាងក្រោម៖ ១. ចំពោះប្រតិបត្តិករ ដែលផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ ពីអាងស្តុកលាមក នៅរាជធានីភ្នំពេញ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ។
ប្រតិបត្ដិករទាំងអស់ ត្រូវស្នើសុំអាជ្ញាបណ្ណផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញ ចោលសំណល់ភក់បង្គន់ នៅសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ អាជ្ញាបណ្ណនេះ ផ្តល់ជូនសម្រាប់រយៈពេល ០១ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ប្រតិបត្តិករ ដោយមិនគិតថ្លៃ ក្រោយទទួលបានអាជ្ញាបណ្ណ ប្រតិបត្តិករមានសិទ្ធិផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ នៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដែលមានទីតាំង ស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ២. ចំពោះមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង ១០៥ត្រូវ-ធ្វើការផ្សព្វ ផ្សាយ ជំរុញនិងលើកទឹកចិត្តដល់ប្រិតិបត្តិករ បូមសំណល់ភក់បង្គន់ទាំងអស់ឱ្យមក ដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ ភក់បង្គន់ពីអាងស្តុកលាមកឱ្យបានត្រឹមត្រូវ។
សម្របសម្រួលដល់កិច្ចដំណើរការផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញ ចោល សំណល់ភក់បង្គន់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យដំណើរការទៅរលូន និងល្អប្រសើរ សម្របសម្រួលដល់ប្រតិបត្តិករផ្ដល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ ភក់បង្គន់ នៅរាជធានីភ្នំពេញទាំងអស់ ត្រូវចូលចាក់សំណល់ភក់បង្គន់នៅទីតាំងដែលរដ្ឋបាល រាជធានីភ្នំពេញ បានកំណត់ខាងលើ។ ចូលរួមសហការពង្រឹងការអនុវត្តវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹង ការគ្រប់គ្រងសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា ប្រតិបត្តិករបូមសំណល់ភក់បង្គន់ទាំងអស់ នឹង សហការចូលរួមអនុវត្តសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងករណីប្រតិបត្តិករបូម សំណល់ភក់បង្គន់ណាមួយ មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់៕
ដោយ ៖ សំរិត