ភ្នំពេញ ៖ លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀន បានអោយដឹងថា ករណីឃាត់ខ្លួនលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងបក្សពួក ៤ នាក់ ទៀត មិនមានពាក់ព័ន្ធ បទល្មើសគ្រឿងញៀនទេ ប៉ុន្តែ អាចពាក់ព័ន្ធ បទល្មើស កំហែងយក។
តាមដំណេីររឿងបានអោយដឹងថា ៖ នៅពាក់កណ្ដាលខែ តុលា ឆ្នាំ ២០២៣ លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានស្នេីសុំគោលការណ៍ លោកឧត្ដមសេនីយ៍ឯក ឃីង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបជនជាតិចិនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។
លុះចាប់ឃាត់ខ្លួនមក ជនជាតិចិនទាំងនោះ គ្មានភស្តុតាង ពាក់ព័ន្ធបទល្មើសគ្រឿងញៀនទេ ។ បន្ទាប់ពីឆែកឆេរគ្មានភស្តុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀន លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានសុំគោលការណ៍លោកប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អនុញ្ញាតអោយត្រឡប់ទៅវិញ ។ លោកប្រធានមន្ទីរបានឯកភាពតាមការស្នេីសុំ តែមិនបានអោយ លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល យកលុយជនជាតិចិនទេ ។
ចំណែកលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានទាមទារលុយពីជនជាតិចិនទាំងនោះចំនួន ៣ ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង ដោយទៅយកលុយដល់ធនាគារថែមទៀតផង ។ ជនជាតិចិនទាំងនោះបន្ទាប់ពីប្រគល់លុយអោយទៅលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និងបក្សពួករួចហើយ ពួកគេក៏ប្ដឹងមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដេីម្បីទាមទាររកយុត្តិធម៌ ។
សរុបសេចក្ដីមក ករណី ឃាត់ខ្លួនលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និង បក្សពួក ៤ នាក់ មិនពាក់ព័ន្ធបទល្មើសគ្រឿងញៀនទេ តែពាក់ព័ន្ធបទល្មើស កំហែងយក ។
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា ៖ «សណុំរឿងទេីបតែទទួលបាន តំណាងអយ្យការកំពុងតែប្រេីប្រាស់នីតិវិធីដេីម្បីចាត់លេីរឿងនេះ សូមអរគុណ» ៕
ដោយ ៖ សិលា