ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ស ថេត ណែនាំកងកម្លាំងនគរបាលទាំងអស់ ត្រូវបន្ដរួមសហការគ្នាបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងលុបបំបាត់ភាពអសកម្មដែលប៉ះពាល់ដល់កិត្តិយសកងកម្លាំង

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងនគរបាលទាំងអស់ ត្រូវតែបន្ដរួមសហការគ្នា ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ សំដៅបន្ដធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ក្រោមម្លប់នៃសន្ដិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសអញ្ជើញជាតំណាង លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ​ លោកនាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់នាយនគរបាល ដែលត្រូវបានតែងតាំង និងបំពាក់ឋានន្តរស័ក្តិនាពេលនេះ ត្រូវប្តេជ្ញាចិត្តបំពេញភារកិច្ចឲ្យបានស្មោះត្រង់ និងហ្មត់ចត់បំផុតចំពោះតួនាទីដែលបានបែងចែកប្រគល់ជូន។

លោកអគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធានអង្គភាព ស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដផ្ដោតការយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន តាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន ហើយត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាព ដោយមិនត្រូវបែងចែកបក្ខពួក ឬប្រកាន់តួនាទី ឋានន្ដរស័ក្ដិនោះឡើយ។

នាយឧត្តមសេនីយ៍ ស ថេត បានចាត់ទុកថា ការអនុវត្តការងារប្រចាំថ្ងៃទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវមានការបន្ទន់ឥរិយាបថ គ្រប់កាលៈទេសៈជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទប្រកបដោយភាពថ្លៃថ្នូរល្អ។ លោកនាយឧត្តមសេនីយ៍ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ ត្រូវមានភាពស្មោះត្រង់នឹងវិជ្ជាជីវៈ សីលធម៌ និងសេចក្តីថ្លៃថ្នូរជាប់ជាប្រចាំ និងត្រូវចូលរួមការពារសន្តិសុខជូនជាតិ និងប្រជាពរដ្ឋឲ្យបានល្អ ត្រូវធ្វើខ្លួនជាខ្នងបង្អែកសម្រាប់ប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅ។

បន្ថែមពីនេះ លោកអគ្គស្នងការ បានជំរុញដល់គ្រប់បណ្ដាអង្គភាពទាំងអស់ ត្រូវបន្ដអនុវត្តតួនាទីភារកិច្ចបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន ដូច្នេះមន្ត្រីនគរបាលជាតិទាំងអស់ ដែលជាអ្នកអនុវត្តច្បាប់ ត្រូវតែយកចិត្តទុកដាក់ដោះស្រាយជាមួយបញ្ហាគ្រឿងញៀននេះ ដើម្បីធ្វើយ៉ាងណាពង្រឹងនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានភាពល្អប្រសើរ។

លោកនាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា កម្ពុជាកំពុងជ្រកក្រោមម្លប់សុខសន្ដិភាព ដូច្នេះហើយកងកម្លាំងនគរបាលទាំងអស់ ត្រូវតែរួមដៃគ្នារក្សានូវសុខសន្ដិភាព ទប់ស្កាត់ បង្ក្រាប បង្ការបទល្មើស ដើម្បីការរស់នៅដោយភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ និងម្យ៉ាងសំដៅដល់ការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរដើម្បីមកបណ្ដាក់ទុន ដើរលេងកម្សាន្ដនៅក្នុងប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើនបន្ថែមទៀត ហើយស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល។

សម្រាប់ការងារចំពោះមុខមួយទៀត ដោយសារតែកម្ពុជា ត្រូវរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ ព្រះខែ និងអកអំបុក នៅខែវិច្ឆិកាខាងមុខនេះ កងកម្លាំងនគរបាលជាតិ ត្រូវសហការជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលចូលមកលេងកម្សាន្ដនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាតំបន់ទេសចរណ៍នានា ឲ្យខាងតែបាន៕

ដោយ​៖ ស​ តារា


ចែករំលែក៖