ភ្នំពេញ ៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅរសៀលថ្ងៃសុក្រ ១២ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមុិញ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំពាក់អាវផាយដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ជំនាន់ទី១០ សរុបចំនួន ៥៥ រូប មុននឹងទៅបម្រើការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តនានា។ ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សាទាំង ៥៥ រូប នេះ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងឱ្យទៅបម្រើការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តទាំង ២៤ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៤៦ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ និងបានធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។
ថ្លែងក្នុងពិធីនេះ, លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ទាំង ៥៥ រូប ដែលនឹងចូលបំពេញការងារក្នុងវិជ្ជាជីវៈជាចៅក្រម ឬព្រះរាជអាជ្ញា ដែលវិជ្ជាជីវៈនេះគឺជាវិជ្ជាជីវៈដ៏ឧត្តុង្គឧត្តម និងប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ ប៉ុន្តែ ផ្សាភ្ជាប់ជាមួយនឹងការទទួលខុសត្រូវចំពោះជាតិ និងប្រជាជនផ្ទាល់។ ឆ្លៀតក្នុងឱកាសនេះ, លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សានូវទិសដៅការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលនឹងត្រូវដាក់ឱ្យអនុវត្តនាពេលខាងមុខដោយក្រសួងយុត្តិធម៌ ផ្អែកតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផ្អែកតាមការប្រគល់ភារកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះទី៥ ដែលបានដាក់ចេញដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌កម្ពុជា។
ទន្ទឹមនេះ, លោកឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការផ្តាំផ្ញើ និងផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ក៏ដូចជា គោលការណ៍ការងារមួយចំនួន ដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ទាំង ៥៥ រូប ត្រូវប្រកាន់យកនៅពេលទៅបំពេញការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរៀងៗខ្លួន ដូចខាងក្រោម៖
ទី១-អភិក្រមការងារដែលត្រូវប្រកាន់យកក្នុងការអនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺ “អ្នកមានសមត្ថភាព ត្រូវបំពាក់សមត្ថកិច្ច! អ្នកមានសមត្ថកិច្ច ត្រូវបំពាក់សមត្ថភាព” មានន័យថា អ្នកដែលមានសមត្ថភាព និងមានឆន្ទៈពិតប្រាកដក្នុងការបំពេញការងារ និងចង់បម្រើជាតិ និងប្រជាជន នឹងត្រូវផ្តល់ឱកាស ដើម្បីចូលរួមចំណែកក្នុងការបម្រើជាតិ និងប្រជាជន។ ដោយឡែក អ្នកដែលកំពុងមានឱកាស ឬតួនាទីក្នុងដៃហើយ ត្រូវតែខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យតាមទាន់នូវការវិវត្តដ៏ឆាប់រហ័សរបស់សង្គមជាតិ។
ទី២-ត្រូវមានឥស្សរភាពក្នុងការបំពេញការងាររបស់ខ្លួន ដោយត្រូវគោរព, ឱ្យតម្លៃ និងផ្តល់កិច្ចសហការល្អដល់សហការីនៅក្នុងអង្គភាពរបស់ខ្លួន ក៏ដូចជា មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតដែលមានការពាក់ព័ន្ធ។ ទន្ទឹមនេះ, ត្រូវប្រើប្រាស់នូវចំណេះដឹង, សមត្ថភាព និងទេពកោសល្យរបស់ខ្លួនក្នុងការធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តតួនាទីរបស់ខ្លួន ដើម្បីសម្រេចឱ្យបាននូវលទ្ធផលការងារ។
ទី៣-ក្នុងការអនុវត្តច្បាប់ និងក្នុងការអនុវត្តការងាររបស់ខ្លួន, ត្រូវប្រកាន់យកឱ្យបានជាដាច់ខាតនូវភាពត្រឹមត្រូវ និងសច្ចធម៌ ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គឺ “នៅចំពោះមុខចៅក្រម គឺនិយាយពីច្បាប់! នៅចំពោះមុខច្បាប់ គឺនិយាយពីយុត្តិធម៌! នៅចំពោះមុខយុត្តិធម៌ គឺនិយាយពីភាពត្រឹមត្រូវ! នៅចំពោះមុខភាពត្រឹមត្រូវ គឺនិយាយពីសច្ចធម៌!”។
ទី៤-ត្រូវខិតខំសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឱ្យក្លាយជាមន្ត្រីយុត្តិធម៌គំរូ និងគួរឱ្យគោរព ដោយត្រូវរក្សាឱ្យបាននូវភាពមិនលម្អៀង ដោយវៀរចាកនូវអគតិធម៌ទាំង ៤ បទ គឺ “ឆន្ទាគតិ, ទោសាគតិ, ភយាគតិ និងមោហាគតិ” ហើយត្រូវប្រកាន់យកនូវសុគតិធម៌ទាំង ៥ គឺ “វិរិយសម្បយុត្ត, សុចរិតយុត្តិធម៌, បញ្ញត្តិគារវោ, សមទណ្ឌោ និងបញ្ញាវុធវិនិច្ឆ័យ” នៅពេលបំពេញការងារ។
ទី៥-ក្នុងការបំពេញកិច្ចនីតិវិធី, ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញកិច្ចនីតិវិធីឱ្យបានល្អ ជាពិសេស ត្រូវតាក់តែងសាលក្រម ឬដីកា ឱ្យងាយយល់, ត្រឹមត្រូវតាមក្បួនខ្នាត និងត្រូវមានសំអាងហេតុ និងសំអាងច្បាប់ ច្បាស់លាស់ គ្រប់គ្រាន់ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ព្រោះថាសាលក្រមទាំងអស់ដែលចេញរួចនឹងអាចត្រូវបានយកទៅផ្សព្វផ្សាយជាសាធារណៈ ហើយនឹងត្រូវយកទៅធ្វើជាគំរូសម្រាប់អ្នកជំនាន់ក្រោយគួររៀនសូត្រតាម ឬគួរជៀសវាង។
ទី៦-ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ និងក្នុងនាមជាមន្ត្រីយុត្តិធម៌, ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌ ដើម្បីលើកកម្ពស់កិត្តិយសរបស់អង្គភាពខ្លួន និងជាកិត្តិយសរបស់ខ្លួនផ្ទាល់ និងត្រូវធ្វើខ្លួនជាសេនាការពារ ដែលមិនអាចខ្វះបាន ដើម្បីធានាបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព៕
ដោយ ៖ សហការី