ភ្នំពេញ ៖ មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានឱ្យដឹងនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា មានករណីលួចមានស្ថានទម្ងន់ទោសដោយការគាស់ទម្លុះទម្លាយ (គាស់ទ្វារឃ្លាំងចូលលួចយកទ្រព្យសម្បត្តិ) កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១១និង០០នាទី ត្រង់ចំណុចឃ្លាំងគ្មានលេខ ផ្លូវបេតុង ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ជាបន្តបន្ទាប់ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ឃ្លាំងឈ្មោះ ហួង សុខណារិន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ២៤៦ ផ្លូវព្រះសីហនុ ភូមិ៧ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ដោយឡែកជនសង្ស័យចំនួន០៣នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ទី០១-ឈ្មោះ ម៉ៅ ភារុន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី០២-ឈ្មោះ ឡុង សុផាត ហៅ ខ្មោចឆៅ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅដីឡូត៍គ្មានលេខ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី០៣-ឈ្មោះ ភិន ផា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំពោះសម្ភារបាត់បង់៖ ០១-ទូទឹកកក ចំនួន០៩គ្រឿង(ម៉ាកPANASONIC ចំនួន០១គ្រឿង,ម៉ាកMITSUBISHI ចំនួន០២គ្រឿង,ម៉ាកHITASHI ចំនួន០៦គ្រឿង), ០២-ម៉ាសុីនបោកខោអាវ ម៉ាកSAMSUNG ចំនួន០៧គ្រឿង, ៣-កង្ហារម៉ាកHATARI ចំនួន០១គ្រឿង, ០៤-កៅអីបត់ ចំនួន០២(ពណ៌ខៀវចំនួន០១,ពណ៌ប្រផេះ ចំនួន០១ ), ០៥-ខ្សែភ្លើងទូទឹកកកប្រវែង២០ម៉ែត្រ សរុបជាទឹកប្រាក់ចំនួន១៨០០ដុល្លារ (មួយពាន់ប្រាំបីរយដុល្លារអាមេរិក) ។
វត្ថុតាងចាប់យក៖ ០១-ម៉ូតូម៉ាកSUZUKI SMASH ពណ៌ខ្មៅ គ្មានស្លាកលេខ(ម៉ូតូចាស់)សណ្តោងរុឺម៉ក ចំនួន០១គ្រឿង, ០២-ទូទឹកកក ម៉ាកHITASHI ចំនួន០១គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ថា មុនកេីតហេតុ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១១និង០០នាទី ជនរងគ្រោះឈ្មោះ ហួង សុខណារិន ភេទប្រុស អាយុ៣៨ឆ្នាំ បានធ្វើដំណើរចេញពីផ្ទះលេខ២៤៦ ផ្លូវព្រះសីហនុ ស្ថិតនៅភូមិ៧ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ទៅមើលឃ្លាំងជួលដាក់អីវ៉ាន់ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលទៅដល់ឃ្លាំងក៏បានឃើញទ្វារឃ្លាំងត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណគាស់បាក់ស្រយូវទ្វារអស់ចំនួន០៣ ហើយយបានបាត់សម្ភារៈដូចខាងលេី សរុបជាទឹកប្រាក់ចំនួន១៨០០ដុល្លារ (មួយពាន់ប្រាំបីរយដុល្លារអាមេរិក) រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទី ជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ។ លុះដល់វេលាម៉ោង១៧និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី០១-ឈ្មោះ ភិន ផា ភេទប្រុស អាយុ២៥ឆ្នាំ ទី០២-ឈ្មោះ ម៉ៅ ភារុន ភេទប្រុស អាយុ២៩ឆ្នាំ រួមនឹងវត្ថុតាង ១-ម៉ូតូម៉ាកស៊ុយស៊ូគីស្មាស់ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កចំនួន០១គ្រឿង, ២-ទូទឹកកកម៉ាក HITACHI ចំនួន០១គ្រឿង (ជារបស់ជនរងគ្រោះ) ត្រង់ចំណុចផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ហើយនៅវេលាម៉ោង១៨និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឡុង សុផាត ហៅ ខ្មោចឆៅ ភេទប្រុស អាយុ៤៤ឆ្នាំ ត្រង់ចំណុចដីឡូត៍គ្មានលេខ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) និងបក្ខពួកពិតជាបានធ្វើសកម្មភាពគាស់ទ្វារឃ្លាំងជួលដាក់អីវ៉ាន់ ចូលលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យខាងលើនិងបក្ខពួកដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង ៕
ដោយ ៖ ភារ៉ា ដង្កោ