ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់ចូលបុរីត្រូវបុរសម្នាក់បើកម៉ូតូមកបុកបណ្តាលឱ្យស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែង ខណៈបើកម៉ូតូល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តបើកបត់ចូលក្នុងបុរីភ្នំពេញផាក ចំពាក់កណ្តាលពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ចំណុចមុខបុរីភ្នំពេញផាក សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ទួត សុភ័ស្ស  អាយុ៤០ឆ្នាំ មុខរបរ អ្នកបើកឡាន រស់នៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក TUCSONពណ៌សពាក់ស្លាកលេខ ភ្នំពេញ2BM-1900 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៦ ក្នុងទិសដៅពីត្បូងមកជើង ខណៈបើកមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវចូលក្នុងបុរីភ្នំពេញផាក ពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានបុរសម្នាក់បើកម៉ូតូម៉ាកMSLAZ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AM-6803 ជិះតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ពេលជិះមកដល់ចំណុចកើតហេតុចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកលៀប ដើម្បីសួរនាំបន្ត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឃាត់អ្នកបើកបររថយន្តយកទៅសួរនាំបន្ត បន្ទាប់មកទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តនឹងម៉ូតូទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖