ភ្នំពេញ៖ មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត កាលពីម្សិលមិញនេះ បានចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន ៣ទីតាំង ដោយមួយកន្លែងក្នុងភូមិសាស្រ្ត សង្កាត់បឹងសាឡាង និង២ទីតាំងទៀត នៅតំបន់ផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ រកឃើញមានសារធាតុគីមីលើខ្ញីហាន់ និងទឹកត្រាំខ្ញី ដែលធ្វើឱ្យប៉ះពាល់ដល់សារពាង្គកាយមនុស្សយ៉ាងធ្ងន់ធ្ងរ អាចនឹងធ្វេីឱ្យបាត់បង់ជីវិតថែមទៀត។ នេះបេីយោងតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ ក្រុមមន្រ្តីជំនាញបានរកឃើញទីតាំងមួយកន្លែង មានសារធាតុគីមីគ្មានស្លាកសញ្ញាជាម្សៅស ចំនួន៨៥ គ.ក. និងសាជូរ ចំនួន២៨បាវ ស្មើនឹង ៨៣០គ.ក. សម្រាប់យកទៅប្រើប្រាស់លាយជាមួយទឹក និងដាក់ខ្ញីហាន់រួចត្រាំជាមួយ មុននឹងចែកចាយ។ តាមការវិភាគបឋមទៅលើគំរូម្សៅស បង្ហាញថា គឺជាសារធាតុគីមីម្យ៉ាងមានឈ្មោះ Sodium Hydrosulfite ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ។ ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស។ សម្រាប់អ្នក Allergic ធ្ងន់ធ្ងរជាមួយសារធាតុខាងលើនេះ ឬអ្នកមានជំងឺហឺត អាចបណ្តាលឱ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន។
ប្រភពដដែលបន្តថា ដោយមានការយកចិត្តទុកដាក់ជាប្រចាំពី លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់សុខុមាលភាព សុខភាពប្រជាពលរដ្ឋ តាមរយៈការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ និងដោយមានការណែនាំពី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ឱ្យបន្តពង្រឹងយុទ្ធនាការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារនានា ក្នុងក្របខណ្ឌទូទាំងប្រទេស។
សូមជម្រាបជូនថា តាមការអះអាងពីម្ចាស់ទីតាំងខាងលើ គឺសារធាតុគីមីទាំងនេះគាត់បានបញ្ជាទិញពីផ្សារច្បារអំពៅ។
ចំពោះវិធានការ មន្ត្រីជំនាញបាន៖ ដកហូតនូវសារធាតុគីមីជាម្សៅស Sodium Hydrosulfite ចំនួន ៨៥គីឡូក្រាម យកមករក្សាទុកជាបណ្តោះអាសន្ននៅសាខា ក.ប.ប. រាជធានីភ្នំពេញ។
⁃ ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវខ្ញីហាន់ដែលកំពុងដាក់ត្រាំក្នុងធុងជ័រចំនួន ៣ធុង សរុបប្រមាណ ២៥០គីឡូក្រាម។
– ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវសារធាតុសាច់ជូរចំនួន ៨៣០គីឡូក្រាម ដើម្បីតាមដានអំពីគោលដៅប្រើប្រាស់ និងត្រូវមានច្បាប់អនុញ្ញាតក្នុងករណីប្រើជាសារធាតុបន្ថែមក្នុងម្ហូបអាហារ។
⁃ យកគំរូទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។ ករណីរកឃើញមានសារធាតុគីមីហាមឃាត់ធ្វើឱ្យប៉ះពាល់ដល់សុខភាព អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ ជាអាទិ៍ អ្នកនាំចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ សូមមេត្តាកុំប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ឬបង្ករជាជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយ រយៈពេលជាយូរអង្វែង។
ទន្ទឹមនឹងនេះ ក៏សូមអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមទប់ស្កាត់នូវផលិតផលមានសារធាតុគីមីហាមឃាត់ ផលិតផលខូចគុណភាព ផលិតផលពុំមានអនុលោមភាពតាមបទប្បញ្ញត្តិ តាមរយៈការដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានអំពីករណីខាងលើនេះ ទៅកាន់ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋាន ផ្លូវ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម មានវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕
ដោយ៖ សូរិយា