ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ី ជីនពីង ចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបលោក ចូ បៃដិន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចាប់ផ្ដើមបំពេញទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកហើយ នៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថា លោកមានគោលបំណងស្ដារទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។
នេះជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់លោក ស៊ី ជិនពីង ទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៧មក។ លោក ស៊ី ជីនពីង នឹងត្រូវជួបលោក ចូ បៃដិន នៅឯកិច្ចប្រជុំមួយដែលមិនទាន់ត្រូវបានកំណត់ទីតាំងនៅឡើយទេ ក្នុងទីក្រុង San Francisco នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយក្រោយមកទៀត លោកនឹងបន្តចូលរួមក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC។
ជំនួបរវាងលោក ស៊ី ជីនពីង នឹងលោក ចូ បៃដិន នឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងបំផុតរវាងមេដឹកនាំអាមេរិកនឹងចិនក្នុងរយៈពេលមួយឆ្នាំមកនេះដែលក្រុមមន្ត្រីអាមេរិកមើលឃើញថាជាឱកាសមួយដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងមហាអំណាចទាំង២។ លោក ស៊ី ជីនពីង និងលោក បៃដិន បានជួបមុខគ្នាដោយផ្ទាល់លើកចុងក្រោយបំផុត នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 រៀបចំឡើងនៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖