ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ គាំទ្រសកម្មភាពការងារអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ សន្ដិសុខ សុវត្ថិភាព បានល្អ បច្ចុប្បន្ននៅរាជធានី

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានគាទ្រ ចំពោះការងារអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ សន្ដិសុខ សុវត្ថិភាព បានល្អ បច្ចុប្បន្ន នៅរាជធានីភ្នំពេញ លោកបានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៥៣ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ នៅថ្ងៃពុធ ៣កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ វិច្ឆិកា នៅសាលារាជធានីភ្នំពេញ ។

    លោកម៉ម សារិន បានបញ្ជាក់ថា  ដោយកត្តាសុខសន្តិភាព ប្រជាជនគ្រប់ស្រទាប់បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាម វត្តអារាមប្រកបដោយអំណរសាទរ សុខសុវត្ថិភាព និងសូមគាំទ្រ អរគុណដល់រាជរដ្ឋាភិបាល និងរដ្ឋបាល- រាជធានីភ្នំពេញដែលបានផ្ដល់ការដឹកជញ្ជូនរថយន្តក្រុងចំនួន ៤៥៥គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូន កម្មករនិយោជិត និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ពីរាជធានីភ្នំពេញទៅបណ្តាខេត្ត និងពីបណ្តា ខេត្ត មករាជធានីភ្នំពេញ ដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាពេល កន្លងមកនេះ ក្នុងរយៈពេល០៥ថ្ងៃ(ថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣) ដែលមានអ្នក ជិះសរុប ៥៨,៤២០នាក់ ដែលជួយសម្រាលដល់ការចំណាយជីវភាពបានមួយកម្រិតដែរ។ ទន្ទឹមនេះ បងប្អូនកម្មករក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដឹកនាំដោយសម្តេច- មហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ចំពោះកម្មករ ជាក់ស្ដែងប្រាក់ឈ្នួល អប្បបរមាដំឡើងដល់ ២៤០ដុល្លារសម្រាប់ឆ្នាំ២០២៤។ រាល់សកម្មភាពរបស់សម្តេចមហាបវរធិបតី- នាយករដ្ឋមន្ត្រី ទាំងនៅវេទិកាក្រៅប្រទេសក៏ដូចជាក្នុងប្រទេសគឺខិតខំស្វែងរកអ្នកវិនិយោគទុនក្នុង គោលដៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

២-ប្រជាពលរដ្ឋរាជធានីភ្នំពេញ បានអបអរសាទរនូវសមិទ្ធផល ការដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែ កាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រដែលធ្វើឱ្យចរាចរណ៍លើផ្លូវជាតិលេខ១ ពិសេសលើស្ពានព្រះមុនីវង្សមានការធូរស្រាលច្រើន មិនមានការកកស្ទះដូចពេលមុនទៀតទេ។

៣-សូមកោតសរសើរ ចំពោះអាជ្ញាធរមានសមត្ថកិច្ចដែលបានខិតខំពង្រឹងការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំង គ្រឿងញៀនក្នុងកិច្ចប្រតិបត្តិ ការបង្ក្រាប និងផ្សព្វផ្សាយពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន។ 

៤-សូមថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះគណៈអភិបាលរាជធានីភ្នំពេញ ដែលបានខិតខំ យកចិត្តទុកដាក់មិនខ្លាចនឿយហត់ ក្នុងការដឹកនាំអនុវត្តការងារសម្រេចបានល្អគ្រប់វិស័យប្រចាំខែតុលា ឆ្នាំ២០២៣កន្លងមកនេះ។ ពិសេស សូមវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលបានខិតខំយ៉ាងសកម្មប្រកបដោយស្មារតីសាមគ្គីភាពល្អ ក្នុងការចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ សម្រេចបានលទ្ធផលរីកចម្រើន លើគ្រប់វិស័យ រួមចំណែកអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។ 

៥-ការងារបរិស្ថាន អនាម័យ និងការគ្រប់គ្រងសំណល់ ប្រមូលសំរាមមិនមានការកកស្ទះ «ក្នុងមួយថ្ងៃជិត៤ពាន់តោន»។

 លោក ក៏បានកោតសរសើរ ចំពោះមន្ទីរ- សាធារណការរាជធានីភ្នំពេញដែលបានខិតខំការជួសជុល ស្តារលូ ដែលធ្វើឱ្យតំបន់មួយចំនួននៅក្នុងទីក្រុងលែងលិច។

  លោកកើត ឆែ អភិបាលរងរាជធានី តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីការងារចាំបាច់និងធំៗមួយចំនួនរបស់រដ្ឋបាលរាជធានីដែលត្រូវអនុវត្តបន្ទាន់ៗ ក្នុងនោះ ទី១ សម្រាប់ខែ១១នេះ មានការងារ រៀបចំពិធី បុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលនឹងអាចមានមនុស្សចូលរួមប្រមាណ៣លាននាក់ ក្រោយពីការអាក់ខានច្រើនឆ្នាំដោយសារការរាតត្បាតដោយជម្ងឺកូវិដ-១៩។ ទី២ ការរៀបចំបុណ្យកឋិនទាន ។ 

ទី៣ ការងារអភិវឌ្ឍន៍ ចំពោះមុខនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើផែនការអោយបានរួចរាល់ក្នុងរយៈពេល៣ខែ ដើម្បីបង្កើតជាគម្រោងធ្វើយ៉ាងណាដោះស្រាយអោយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀង ដោយគម្រោងនេះបានការគាំទ្រពី សេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ ដែលមានទឹកប្រាក់ប្រមាណ១០០លានដុល្លារ ដោយត្រូវអនុវត្តនៅឆ្នាំ២០២៤ ។ គម្រោងនេះគឺ ក្រសួងសាធារណការនិងដឹកជញ្ជូននិងក្រសួងធានធានទឹកនិងឧត្តុនិយម សហការគ្នាដើម្បីអនុវត្តគម្រោងនេះ ដែលក្នុងនោះ ក្រសួងធានធានទឹកនិងឧត្តុនិយមត្រូវប្រើប្រាស់ថវិកាប្រមាណ៥០លានដុល្លារដើម្បីបង្វែផ្លូវទឹកកុំអោយចូលមករាជធានី។ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេ ចន្លោះស្ពានព្រះមុនីវង្សនិងស្ពានព្រែកសំរោងពីខាងព្រែកប្រាទៅចំ ផ្សារទំនើបអុីអន៣ ជាមួយនិងការស្ថាបនាស្ពានកម្ពុជាកូរ៉េផងដែរ ។គម្រោងទាំងនេះគឺសុទ្ធតែមានផលប៉ះពាល់ដែលអាជ្ញាធររាជធានីភ្នំពេញ ត្រូវដោះស្រាយជាមួយប្រជាពលរដ្ឋ៕

ដោយ ៖ សំរិត


ចែករំលែក៖