ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការ លើក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវសរុប ៣នាក់ ថ្នាំញៀនជាង ១០០គីឡូក្រាមហើយ

ចែករំលែក៖

ភ្នំពេញ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា សំណុំរឿងក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវសរុប ៣នាក់ ដែលថ្នាំញៀនជាង ១០០គីឡូក្រាម ត្រូវបាន បញ្ចប់ការស៊ើបសួរក្នុងដំណាក់កាលតំណាងអយ្យការ រួចចោទប្រកាន់ពីបទ (រក្សាទុក ដឹកជញ្ជូន និង ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន)។

ជនត្រូវចោទទាំង៣នាក់រួមមាន៖ ១.ឈ្មោះ Cheng veut ភេទប្រុស ជនជាតិ ឡាវ កើតឆ្នាំ១៩៨៨, ២.ឈ្មោះ Wasin Saekue ភេទប្រុស ជនជាតិថៃ កើតឆ្នាំ១៩៩៩ និង៣.ឈ្មោះ Saeli Chinnawat ភេទប្រុស ជនជាតិថៃ កើតឆ្នាំ២០០៥។

សូមរំលឹកថា នៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៧), (ក៤) និង (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចក្នុងផ្ទះលេខ ៣០៤ ផ្លូវលំស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រហូតឃាត់ខ្លួនបានជនសង្ស័យ៣នាក់ និង រឹបអូសថ្នាំងញៀន ប្រភេទ ម៉េតំហ្វេតាមីន(ICE)ចំនួន១០១កញ្ចប់ ស្មើ១០១គីឡូក្រាម។

បច្ចុប្បន្នជនត្រូវចោទទាំង៣នាក់ ត្រូវបានបញ្ជូនទៅដំណាក់កាល ចៅក្រមស៊ើបសួរបើកការស៊ើបបន្ត អាចសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅល្ងាចនេះ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖