ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជាប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានមានប្រសាសន៍លើកឡើងថា កងរាជអាវុធហត្ថបានត្រៀមកម្លាំង មធ្យោបាយ សម្រាប់អន្តរាគមន៍តាមការស្នើសុំពីក្រសួងមានសមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត ក្នុងករណីមានបទល្មើសមានការលំបាកដែលក្រសួងជំនាញ ឬអាជ្ញាធរដែនដីមិនអាចបង្ក្រាបឬទប់ស្កាត់បាន ដោយសារខ្វះកម្លាំង ឬមធ្យោបាយ ។ល។ ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វេីឡើង ក្នុងកិច្ចប្រជុំពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្នុងឱកាសនោះ ក្រសួងបរិស្ថាន និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានឯកភាពធ្វើការរៀបចំ នីតិវិធីប្រតិបត្តិស្ដង់ដា “SOP” សម្រាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ធានាការគ្រប់គ្រងឲ្យបានគង់វង្សនូវព្រៃឈើ សត្វព្រៃ ព្រមទាំងធនធានធម្មជាតិដទៃទៀត។
សូមបញ្ជាក់ថា លោកនាយឧត្តមសេនីយ៍ សៅ សុខា ធ្លាប់បានបញ្ជាក់ហើយថា ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនមានការយោគយល់ឬលើកលែងនោះឡើយគឺរាល់បទល្មើសត្រូវតែបង្រ្កាប ហើយអំពើល្អត្រូវតែការពារ។ មួយវិញទៀត រាល់អន្តរាគមន៍របស់មន្រ្តីណាក៏ដោយ រាប់ទាំងអ្នកមានបុណ្យសក្តិ អ្នកមានលុយ… នរណាយកឈ្មោះមេដឹកនាំទៅប្រើ ហើយបន្លាចសមត្ថកិច្ច ហើយសមត្ថកិច្ចមិនហ៊ានបង្រ្កាប សូមកត់ឈ្មោះ និងរាយការណ៍ជូនមកគណៈកម្មការជាតិ ដើម្បីជាមូលដ្ឋានក្នុងការបង្ក្រាប និងរាយការណ៍ ជូនប្រមុខរាជរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់។ ទាំងអស់គ្នាត្រូវស្មើមុខចំពោះច្បាប់។ ចាប់ពីពេលនេះតទៅ យើងនិយាយពីការអនុវត្តច្បាប់ មិនអាចយកលេសថា មានបងប្អូនជាអ្នកធំនេះ ឬអ្នកធំនោះ …មើលច្បាប់ទៅ បើចង់ចាញ់ឈ្នះ ទៅប្តឹងផ្តល់គ្នានៅក្នុងតុលាការ។ ចំពោះមធ្យោបាយប្រព្រឹត្តិបទល្មើស ត្រូវតែចាប់យកមករក្សាទុក និងរឹបអូសតាមច្បាប់ ទុកជាទ្រព្យសម្បត្តិរដ្ឋទាំងអស់។
បើត្រឹមត្រូវយើងត្រូវការពារ ខុសប្រឆាំងដាច់ខាត អស់អាយុជីវិតក៏ធ្វើដែរ ដើម្បីការពារថែរក្សាធនធានធម្មជាតិយើងរួមទាំងព្រៃឈើដីព្រៃផងដែរអោយនៅគង់វង្សរាប់ជំនាន់។
សូមស្នើគ្រប់ខេត្តទាំងអស់ ធ្វើការផ្សព្វផ្សាយបញ្ហានេះឲ្យបានច្បាស់។ នេះជាប្រសាសន៍លើកឡើងបន្ថែមដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា។
សូមបញ្ជាក់ថា គណៈកម្មការជាតិទប់ស្កាត់បង្ក្រាប បទល្មើសធនធានធម្មជាតិ បានបង្កើតឡើងដោយសេចក្តីសម្រេចលេខ ១២៧ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីពង្រីកវិសាលភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិទូទាំងប្រទេស។ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាគោលការណ៍ គឺចំពោះមុខរក្សាគ្រប់យន្តការ ដែលមានស្រាប់ និងពង្រឹងការអនុវត្តរាល់សារាចរណែនាំរបស់រាជរដ្ឋាភិបាលជាធរមាន ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
គណៈកម្មការនេះមានភារកិច្ចដូចជា ៖
ទី១.ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើ ការដឹកឈើ និងការនាំចេញ ឈើខុសច្បាប់ ការចាប់សត្វព្រៃ និងការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រានទន្រ្ទានយកដីរដ្ឋ ព្រមទាំងការរុករករ៉ែដោយខុសច្បាប់នៅទូទាំងប្រទេស។
ទី២. អង្កេត និងស្រាវជ្រាវរកអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ នឹងសកម្មភាពល្មើសធនធានធម្មជាតិ។
ទី៣. ចាប់ជនល្មើស និងវត្ថុតាងនៃបទល្មើសធនធានធម្មជាតិ ហើយរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។
ទី៤.ត្រូវសហការជាមួយភាគីវៀតណាម ថៃ និងឡាវ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាពក្នុងករណីចាំបាច់ ជាដើម។
គណៈកម្មការនេះត្រូវធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល អំពីលទ្ធផល៕
ដោយ៖សហការី