ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្ននេះយេីងសង្កេតឃេីញថា មានក្រុមបើកបរម៉ូតូបំពាក់សារ៉ែន កែច្នៃខុសបច្ចេកទេសច្បាប់ចរាចរណ៍ផ្លូវគោក បាននាំគ្នាជិះបើកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់(ឡានពេទ្យ) ដែលធ្វើឱ្យសកម្មភាពមួយនេះ ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងនោះ។ ពេលនេះកម្លាំងនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនយុវជន០២នាក់ ដែលជាប្រធានក្រុមបើកបរម៉ូតូបំពាក់សារ៉ែន កែច្នៃខុសបច្ចេកទេសច្បាប់ យកមកធ្វើការអប់រំណែនាំឱ្យបញ្ឍប់នូវសកម្មភាពទាំងនោះទៀត។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការណែនាំរបស់សាលារដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃ១៧ ខែវិច្ឆិកាម្សិលមិញនេះ មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក សែម រតនា ស្នងការរង ទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ និងទទួលដឹកនាំការងារនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់សកម្មភាពក្រុមយុវជនចំនួន០៥នាក់ ក្នុងនោះ០២នាក់ជាប្រធានក្រុម ដោយបើកបរម៉ូតូបំពាក់សារ៉ែន កែច្នៃខុសបច្ចេកទេសច្បាប់ចរាចរណ៍ផ្លូវគោក ជិះបើកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់ ដោយគ្មានការអនុញ្ញាត ឬគ្មានការស្នើសុំច្បាប់ពីអាជ្ញាធរ ដែលសកម្មភាពនេះធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ បង្កបញ្ហាដល់អ្នកដំណើរផ្សេងទៀតក្នុងការធ្វើចរាចរណ៍។
បន្ទាប់ពីសមត្ថកិច្ចសួរនាំរួច ក្រុមយុវជនខាងលើបានទទួលកំហុសដែលខ្លួនបានល្មើសច្បាប់ចរាចរណ៍ និងបញ្ឈប់សកម្មភាពល្មើសបន្តទៀត។ ជាមួយគ្នានេះដែរ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ និងឱ្យដោះសម្ភារៈមួយចំនួន ដែលបំពាក់លើម៉ូតូខុសច្បាប់ ទើបសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕
ដោយ៖ សហការី