ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនៃអធិការស្រុកបន្ទាយមាសបានឃាត់ខ្លួនស្ត្រីជាម្តាយចុង ដែលបានប្រើអំពើហិង្សាមកលើកូនចុង

ចែករំលែក៖

ខេត្តកំពត ៖ កូនគេក៏ដូចជាកូនរបស់យើង បើជ្រុលជាយកឪពុករបស់ក្មេងស្រីនេះជាប្តីទៅហើយ ម្តេចក៏មិនស្រលាញ់គ្នាអោយដូចកូនបង្កើតរបស់យើងផង!ចាំបាច់ធ្វើអំពើដែលសង្គមមិនអាចទទួលយកបានបែបនេះ ។

កម្លាំងនៃអធិការស្រុកបន្ទាយមាសបានឃាត់ខ្លួនស្ត្រីជាម្តាយចុង ដែលបានប្រើអំពើហិង្សាមកលើកូនចុង នៅភូមិជ្រុងស្រឡៅ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ នេះជាការបញ្ជាក់ ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណ ជនសង្ស័យប្រើអំពើហិង្សា ស្ត្រីដែលវាយកូនចុងនៅឡើយទេ ។ ប៉ុន្តែអំពើហិង្សា ដែលប្រព្រឹត្តមកលើអនីតិជន ជាបទល្មើសធ្ងន់ធ្ងរ ដែលមន្ត្រីនគរបាលយុត្តិធម៌ ត្រូវតែធ្វើកំណត់ហេតុស្ដាប់ចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

តាមរយៈរូបភាព ដែលមានស្លាកស្លាមនៅលើដងខ្លួនកុមាររងគ្រោះ ឃើញថាអំពើហិង្សានេះ ស្ត្រីជាម្ដាយចុង ពិតជាមានចិត្តសាហាវឃោរឃៅ គ្មានគុណវិហារធម៌ ទោះជាមិនមែនជាកូនបង្កើតរបស់ខ្លួនក៏ដោយ ក្មេងក្នុងលោក កូនគេ កូនយើង ចាំបាច់ត្រូវការភាពកក់ក្តៅ បីបាច់ថែរក្សា ជួយទំនុកបម្រុង អប់រំ រៀនសូត្រ ដើម្បីឲ្យគ្នាមានអនាគតរុងរឿង សម្រាប់ជាធនធានមនុស្សមួយក្នុងសង្គម ។ ផ្ទុយទៅវិញអំពើដែលស្ត្រីរូបនេះបានសាង ជាអំពើបាបផង ជាបទល្មើសព្រហ្មទណ្ឌផង ជាអំពើយង់ឃ្នង់ ដែលសង្គមមិនអាចទទួលយកបាន ។

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ គាំទ្រចំពោះមន្ត្រីនគរបាលយុត្តិធម៌ ដែលមានចំណាត់ការទាន់ពេលវេលាឃាត់ជនបង្ក ដើម្បីផ្ដល់ភាពយុត្តិធម៌ឲ្យកុមាររងគ្រោះ ខណៈប្រទេសគ្រប់គ្រងដោយច្បាប់ គ្រួសារក៏មានវិន័យ ៕

ដោយ ៖ សិលា 


ចែករំលែក៖