ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះល្វែងជាន់ផ្ទាល់ដីចំនួន០២​ល្វែង​ រងការខូចខាតសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង

ចែករំលែក៖

​    ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អេីលមួយ​ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះផ្ទះល្វែងជាន់ផ្ទាល់ដីចំនួន២ល្វែងយ៉ាងសន្ធោសន្ធៅនៅវេលាម៉ោង​១០​និង៣០ នាទីព្រឹក ថ្ងៃពុធ ២រោច ខែកត្កិត ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ ៥៣អាបេ  ផ្លូវលេខ៣៣៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ 

​   សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ទីតាំងមានឈ្មោះ​ លឹម ម៉េងហៃ ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកលក់ធុងបាស ។ 

​    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា​ មុនកេីតហេតុ​ មានការទុស្សេកាប៊ីនភ្លេីងពីបង្គោលនៅជាប់ផ្ទះកេីតហេតុជាខ្លាំង​ ។ បន្ទាប់មកក៏មានភ្លេីងឆាបឆេះឡេីងយ៉ាងសន្ធោសន្ធៅដល់ផ្ទះចំនួន០២ល្វែងជាប់គ្នា​ទេីបមានអាជ្ញាធរមូលដ្ឋានចុះមកដល់​ និងមានរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងចេញមកធ្វេីអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ​ ។ 

​    ក្នុងករណីនេះ​ សមត្ថកិច្ចជំនាញបានបញ្ចាក់ថា​ បណ្ដាល​មក​ពី​ឆ្លងចរន្តអគ្គិសនី ឆេះប្រភេទសំណង់​ថ្មបេតុង ទំហំ ១០ម៉ែត្រ X ២៥ម៉ែត្រ​ ដោយឆេះផ្ទះល្វែងជាន់ផ្ទាល់ដីចំនួន០២​ល្វែងនិង​សម្ភាររួមមាន៖​ ម៉ូតូហុងដា​ PCX ចំនួន ០១​ គ្រឿង​, ធុងបាស៦០​គ្រឿង​ ,ទូរទស្សន៍ចំនួន ០២​ គ្រឿង​ ,កាមេរ៉ាសុវត្ថិភាពចំនួន ០២ឈុត​ ,សម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ ក្នុងនោះពុំមានមនុស្សបាត់បង់ជីវិតនោះទេ​ តែមានមនុស្សចំនួន០១នាក់ (ភេទប្រុសរបួសស្រាល)​ ជាមន្រ្តីការិយាល័យអគ្គិភ័យ ។

​    គួរបញ្ជាក់ថា​ កងកម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​បាន​ប្រេី​ប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន ១៩​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៩​ រថយន្ត​ ស្មើនឹង  ៧៦ម៉ែត្រគូប។ រថយន្តជំនួយ:

-​ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើនឹង០៦ម៉ែត្រគូប។

-​ រថយន្តពន្លត់អគ្គិភ័យទីក្រុងកោះពេជ្រចំនួន០៣​គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣​រថយន្ត​ ស្មើនឹង១២ម៉ែត្រគូប ។

-​ រថយន្តពន្លត់អគ្គិភ័យទីក្រុងអូឡាំព្យា៉ចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​រថយន្ត​ ស្មើនឹង០៨ម៉ែត្រគូប ដោយពន្លត់ចប់​នៅវេលាម៉ោង១២និង០០​នាទីថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖