ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាជនពិការអន្តរជាតិ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) បានថ្លែងសារទៅកាន់ពិភពលោកថា កម្ពុជា បានប្តេជ្ញាចិត្តដើម្បីធានា និងផ្តល់តាមការសន្យាដែលបានធ្វើចំពោះជនរងគ្រោះដោយសារមីន ព្រមទាំងបន្តជំរុញភាពជាដៃគូជាមួយអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងតម្រឹមការខិតខំជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងសេចក្តីថ្លែងសាររបស់ លោកបណ្ឌិត លី ធុជ បានលើកឡើងថា “ក្នុងការរំលឹកទិវាជនពិការអន្តរជាតិ យើងមិនត្រឹមតែឆ្លុះបញ្ចាំងពីបញ្ហាប្រឈមរបស់ក្មេងស្រី ក្មេងប្រុស បុរស និងស្ត្រីពិការភាពចំនួន ១.៣ ពាន់លាននាក់ រួមទាំងអ្នករស់រានមានជីវិតពីមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរសាទរចំពោះការរួមចំណែកដ៏មានតម្លៃដែលពួកគេ បានធ្វើចំពោះសហគមន៍ពិភពលោកចម្រុះរបស់យើង។ ភាពរឹងមាំ និងភាពធន់របស់ពួកគេ ជាពិសេសនៅពេលប្រឈមមុខនឹងគ្រោះអាសន្ន និងវិបត្តិមនុស្សធម៌ សមនឹងទទួលបានការកោតសរសើរ និងទទួលស្គាល់។
ក្នុងនាមជាប្រធានកិច្ចប្រជុំពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ខ្ញុំមានកិត្តិយសក្នុងការប្រារព្ធទិវាដ៏មានសារៈសំខាន់នេះរួមគ្នាជាមួយអ្នកទាំងអស់គ្នា និងដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមរបស់យើងចំពោះការអនុវត្តពេញលេញនៃសិទ្ធិជនពិការ និងអ្នករស់រានមានជីវិតពីមីន។ យើងនឹងបន្តជំរុញភាពជាដៃគូជាមួយអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងតម្រឹមការខិតខំជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
អស់រយៈពេលជាង ២៥ ឆ្នាំ រដ្ឋភាគីនៃអនុសញ្ញានេះ រួមជាមួយនឹងសង្គមស៊ីវិល និងអង្គការតំណាងនៃអ្នករស់រានមានជីវិតពីមីន បានខិតខំប្រឹងប្រែងយ៉ាងសំខាន់ឆ្ពោះទៅរកការប្រែក្លាយពាក្យនៃអនុសញ្ញានេះទៅជាការពិត។ ផែនការសកម្មភាពអូស្លូ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្ត ក្នុងការផ្តល់សិទ្ធិអំណាចដល់អ្នករស់រានមានជីវិតពីមីន និងគ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវតែបន្ត ហើយយើងត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាឱ្យមានការចូលរួមពេញលេញ និងការដាក់បញ្ចូលអ្នករស់រានមានជីវិតពីមីន ដោយឈរលើមូលដ្ឋានស្មើភាពជាមួយអ្នកដទៃនៅក្នុងសង្គម។
ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធាននៃសន្និសីទត្រួតពិនិត្យលើកទី៥ “កិច្ចប្រជុំសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន” ឆ្នាំ២០២៤ បានប្តេជ្ញាចិត្តដើម្បីធានា និងផ្តល់តាមការសន្យាដែលបានធ្វើចំពោះជនរងគ្រោះដោយសារមីន។ ការផ្តល់ដ៏សំខាន់នៃអនុសញ្ញានេះ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពបីរបស់កម្ពុជា។ កម្ពុជា នឹងធ្វើការរួមគ្នាជាមួយអ្នករស់រានមានជីវិតពីមីន អង្គការតំណាង និងជនមានពិការ ដើម្បីធានាបាននូវការចូលរួមយ៉ាងសកម្ម និងការដាក់បញ្ចូលក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា៕
ដោយ៖ ចន្ទ លីហ្សា