ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ យើងមិនអាចដាក់ពងមាន់នៅក្នុងកន្ត្រកតែមួយបានទេ

ចែករំលែក៖

ខេត្តកែប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា : យើងមិនអាចដាក់ពងមាន់នៅក្នុងកន្ត្រកតែមួយបានទេ ។ សម្ដេចធិបតីសំដៅថា , មិនត្រូវដាក់ពងមាន់ក្នុងកន្ត្រកតែមួយបានទេ, មានន័យថា រាជរដ្ឋាភិបាលមិនមែនសង្ឃឹមតែលើសេដ្ឋកិច្ច លើវិស័យទេសចរណ៍មួយមុខទេ ត្រូវគិតលើគ្រប់វិស័យ ។ ដូចជាសម័យកូវីដ19 វិស័យទេសចរណ៍ត្រូវបានជាប់គាំង នៅក្នុងប្រទេស ក្នុងតំបន់ និងសកលលោក ។ ប៉ុន្តែដោយមានការគ្រប់គ្រងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នីតិកាលទី៦ កន្លងទៅ បានគ្រប់គ្រងបញ្ហាកូវីដ១៩ បានតាមរយៈការចាក់វ៉ាក់សាំង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា , សូមកោតសរសើរចំពោះលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានគ្រប់គ្រងលើវិស័យទេសចរណ៍បានល្អ ។ សម្ដេចជំរុញ ឱ្យតំបន់ទេសចរណ៍នីមួយៗ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នីតិកាលទី៧ មានការអភិវឌ្ឍន៍ ការផលិត ការដាំដុះ រក្សាវត្ថុបុរាណ ច្នៃប្រឌិត វត្ថុអនុស្សាវរីយ៍ ដើម្បីឲ្យប្រជាពលរដ្ឋ មានឱកាស លក់ដូរ ទទួលបានថវិកា តាមរយៈភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា , កំណើនភ្ញៀវទេសចរណ៍ មានការរីកចម្រើន តាមរយៈការលើកតម្កើងកិត្តិនាមរបស់ជាតិ។ ដោយសារការផ្សព្វផ្សាយ គេស្គាល់កម្ពុជាខ្លាំង តាមរយៈប្រាសាទអង្គរវត្ត។ ចំពោះសេដ្ឋកិច្ចជាតិ ខ្លាំងណាស់លើវិស័យទេសចរណ៍ យើងមានប្រាសាទអង្គរវត្ត ជានិមិត្តរូប នៃប្រទេសជាតិ និងទាមទារឲ្យមានគោលដៅទេសចរណ៍ជាច្រើនដោយសំបូរបែប រួមទាំងព្រឹត្តិការណ៍ផ្សេងៗជាច្រើន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា, ព្រឹកមិញនេះនៅប្រាសាទអង្គរវត្ត មានភ្ញៀវទេសចរណ៍ជាង 1 ម៉ឺននាក់ចូលរួម រត់ម៉ារ៉ាតុង ក្នុងនោះមានភ្ញៀវទេសចរបរទេសជាង 4000 នាក់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះខណៈអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកម្មវិធី បិទជាផ្លូវការ បុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប

គួរជម្រាបថា ការរៀបចំពិធីបុណ្យសមុទ្រមានគោលបំណង នៃពិធិបុណ្យសមុទ្រ គឺ​ដើម្បីរួម​គ្នា​អភិរក្ស​ការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាត ដើម្បីបម្រើ​ដល់​ការ​អភិវឌ្ឍ​ទេសចរណ៍ប្រកដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំង​លើក​តម្កើង​ការ​ផ្សព្វផ្សាយ​គោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា ឱ្យកាន់តែទូលំទូលាយទាក់ទាញ​ទេសចរជាតិ និង​អន្តរជាតិ​មក​ទស្សនាកាន់​តែ​ច្រើន។

ពិធីបុណ្យសមុទ្រត្រូវ​បានធ្វើឡើង៩លើករួចមកហើយ នៅតាមខេត្តទាំង៤ ដែលជាប់សមុទ្រ​កម្ពុជា ហើយលើកទី១០ នៅខេត្តកែបនេះ ធ្វើឡើងក្រោមប្រធានបទ «ទាំង​អស់​គ្នា​ដើម្បី​ទេសចរណ៍​»​។

ចំពោះកម្មវិធី​នានាក្នុងពិធីបុណ្យសមុទ្រ រួមមាន៖ ការរៀបចំសិក្ខាសាលា ការដាំដើមឈើ ការប្រារព្ធពិធី​បើកជាផ្លូវការនូវពិធីបុណ្យសមុទ្រ។ រីឯសកម្មភាពសម្រាប់​ការ​ទស្សនា​កម្សាន្ត​សំខាន់​ៗ មានការសម្តែងសិល្បៈ ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរ មហោស្រពម្ហូបអាហារ ភេសជ្ជៈ ការបង្ហាញសមិទ្ធផលនិងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ និងការ​តាំង​ពិព័រណ៍​ផលិត​ផល​ក្នុងស្រុកនិងអន្តរជាតិ សកម្មភាពកីឡាលើទឹក លើឆ្នេរ រត់ប្រណាំង និងជិះកង់ ក៏មានដែរ​នូវ​ការរៀបចំឱ្យមានសួនខ្លែងជ្រោយសមុទ្រ ទីឋានមនោរម្យ (បញ្ចាំងភាពយន្ត) ក្រុងកែប​សិប្បនិមិ្មត (បង្ហោះគោម) ទស្សនីយភាពសិល្បៈ (ក្រុមសិល្បករ សិល្បការិនី​ជាតិ​ និង​អន្តរជាតិ ចិន ឥណ្ឌា និងវៀតណាមសរុប៣៣០នាក់) ៕

ដោយ ៖ សិលា 


ចែករំលែក៖