ខេត្តកែប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ការជំរុញអភិវឌ្ឍផលិតផលទេសចរណ៍ គឺបានផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅនឹងកន្លែងតែម្ដង ខណៈឆ្នាំ ២០២៤ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមុតស្រួចជាច្រើនដើម្បីជំរុញវិស័យទេសចរណ៍របស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នារៀបចំ និងអនុវត្ត ពិធីបុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែបនេះយ៉ាងអធិកអធម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ វិស័យទេសចរណ៍ រងផលប៉ះពាល់ច្រើនបំផុតដោយសារវិបត្តិជំងឺកូវីដ-១៩ ។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ « ទាំងអស់គ្នាដើម្បីទេសចរណ៍ » នៅខេត្តកែប នៅល្ងាចថ្ងៃអាទិត្យទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យទេសចរណ៍យើង បានរងផលប៉ះពាល់ច្រើនបំផុតដោយសារវិបត្តិសកលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យមានការបិទជើងយន្តហោះ និងបិទទ្វារក្រុមហ៊ុនបម្រើសេវាទេសចរណ៍នានា ដែលបានធ្វើឱ្យប្រជាពលរដ្ឋ បាត់បង់ការងារផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទោះបីជាកម្ពុជាមានវិបត្តិសាកលកូវីដ-១៩ក៏ដោយ ក៏រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានចាត់វិធានការមានប្រសិទ្ធភាពជាបន្តបន្ទាប់ រួមមានទាំងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រហូតធ្វើឱ្យយើងអាចបើកដំណើរការប្រទេសតាំងពីចុងឆ្នាំ២០២១៕
ដោយ ៖ សិលា