ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃរមនីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក» ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់រុតតាឯកនេះ គឺដើម្បីផលប្រយោជន៍ជាតិយូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយៗផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គររបស់បងប្អូនប្រជាពលរដ្ឋ ក៏ជាការបង្ហាញនូវការជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចមានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍប្រទេសជាតិ ការពារអាយុជីវិតប្រជាជន រួមទាំងការពារសម្បត្តិវប្បធម៌ជាតិផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលជឿជាក់លើសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីចំពោះគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ព្រោះបងប្អូនបានដឹងថា ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ សម្តេចតេជោ ខិតខំប្រឹងប្រែងដើម្បីការពារអាយុជីវិតប្រជាជន និងការពារសម្បត្តិវប្បធម៌ជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា មួយជីវិតសម្តេចតេជោតស៊ូដើម្បីជាតិ និងប្រជាជន។ សម្ដេចតេជោ មិនយកដីនៅរមណីយដ្ឋានអង្គរនេះទៅវិនិយោគឱ្យក្រុមហ៊ុនឯកជនមកធ្វើអគារ ១០០ជាន់នោះទេ ប៉ុន្ដែគឺខិតខំថែរក្សាប្រាង្គប្រាសាទសម្បត្តិវប្បធម៌កេរ្តិ៍ដំណែលដូនតាខ្មែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចឱ្យបុគ្គលិកស្ម័គ្រចិត្តនៅមណ្ឌល សុខភាពរុនតាឯកចំនួន ៨នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិ ជូនគាត់៕
ដោយ ៖ សិលា