ព័ត៌មានទាន់ហេតុការណ៍៖

កងអនុសេនាធំអាវុធហត្ថលេខ១៧១ ធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជាដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្ម អសប នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កង អនុសេនាធំអាវុធហត្ថលេខ១៧១ បានធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាដោយសុខសុវត្ថិភាព ក្រោយបំពេញបេសកកម្មជោគជ័យ ក្រោមឆ័ត្រអង្គការ សហប្រជាជាតិ ប្រកបដោយប្រសិទ្ធភាព និងលទ្ធផលជាទីមោទនភាពជូនជាតិ។ 

កម្លាំងដែលធ្វើមាតុភូមិនិវត្តន៍នាពេលនេះជាកងទី១១ ដែលបានបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង មានចំនួនសរុប៧៣ នាក់ ក្នុងនោះមាននារី ៣៣នាក់ ស្មើនឹង៤៧ភាគរយ។ នេះជាកងដែលមាននារីច្រើនជាងគេបង្អស់ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការចូលរួមរបស់នារីក្នុងតំបន់បេសកកម្ម។ 

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញមានវត្តមានដ៏ខ្ពង់ខ្ពស់ទទួលកងកម្លាំងមួកខៀវកម្ពុជា ដែលមកដល់មាតុភូមិនាពេលនេះ។ នាយឧត្តមសេនីយ៍ មាន ប្រសាសន៍ថាកងអនុសេនាធំអាវុធហត្ថលេខ១៧១បាន អនុវត្តភារកិច្ចដូចកង​មុនៗ​ផងដែរ ដោយឡែក យោធិននារីក៏មាន ឱកាសចូលរួមសកម្មភាពការងារ​យ៉ាង​សកម្មជូនជាតិមាតុភូមិ និងនៅលើឆាកអន្តរជាតិដូចបុរសដែរ ទោះបី ជាស្ថិតក្នុង​ស្ថាន​​ភាពអសន្តិសុខក៏ដោយ ដែលនេះជាការ​បង្ហាញ​ពីវីរភាពរបស់កងយោធពល​ខេមរភូមិន្ទ។

គួរបញ្ជាក់ផងដែរថា កម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការ សហប្រជាជាតិក្នុងចំណោម ៦៣ប្រទេសបរិច្ចាគ កង កម្លាំង នាខែមេសា ឆ្នាំ២០១២។ កងកម្លាំងមួកខៀវកម្ពុជា បានពង្រាយកម្លាំង និងបោះទីតាំងឈរជើងនៅ ៧គោលដៅ ក្នុង៦រដ្ឋ ដែលជាកងផ្តល់ការពារដល់ជនស៊ីវិលធ្វើការល្បាតថ្មើរជើងនិងតាមរថយន្តរយៈពេលខ្លី មធ្យម និងវែង ធ្វើការស៊ើបអង្កេតលើគ្រោះថ្នាក់ចរាចរណ៍ បទឧក្រិដ្ឋ និងអំពើហិង្សានានា ដែលបង្កឡើងដោយមួកខៀវប្រជាមួយប្រជាពលរដ្ឋ និងអនុវត្តភារកិច្ចតាមបទបញ្ជាររបស់បេសកកម្ម។ ទន្ទឹមនោះ ក៏បានការពារក្បួនជូនឥស្សរជនជាន់ខ្ពស់មកពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសបរិច្ចាគកម្លាំង ដែលបានចុះទស្សនកិច្ចកងកម្លាំងរក្សាសន្តិភាព ក្នុងតំបន់បេសកកម្ម UNMISS ៕

ដោយ៖ សូរិយា


ចែករំលែក៖