ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា នាព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក ជុង អ៉ីយ៉ុង (CHUNG Eui-Yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមបានមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១២-១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បី ពិភាក្សាអំពី «ការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី១២» របស់គណបក្សប្រជាជនកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងឱកាសនេះ គណៈប្រតិភូបានជួបសម្តែងការគួរសមជាមួយនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធាន ICAPP និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស។
ឯកឧត្តម ជុង អ៊ីយ៉ុង បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមគាំទ្រ និងពូនជ្រំកិច្ចសហប្រតិបត្តិការ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅអាស៊ី ចាប់ពីថ្ងៃបង្កើត ICAPP នៅឆ្នាំ២០០០ អង្គការនេះបានក្លាយជាវេទិកានយោបាយកាន់តែមានឥទ្ធិពល និងមានសារៈសំខាន់ចាំបាច់ ក្នុងសភាពការណ៍ពិភពលោកនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល់។
ឯកឧត្តម ជុង អ៊ីយ៉ុង ថ្លែងថា គណបក្សប្រជាជនកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដឹកនាំស្ថាប័ន ICAPP ក៏ដូចជាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) របស់ ICAPP ដើម្បីការតភ្ជាប់វប្បធម៌ចម្រុះនៅអាស៊ី និងពិភពលោកតាមរយៈកិច្ចសន្ទនា ការយោគយល់គ្នា និង ការគោរពគ្នា ជាពិសេសការបង្កើតភាពជាដៃគូជាមួយនឹងអង្គការ UNESCO។
ឯកឧត្តមបន្តថា មហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធរួមមាន កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤២ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ វេទិកាសារព័ត៌មាន ICAPP លើកទី៧ នៅកម្ពុជានាខែវិច្ឆិកា ឆ្នាំ២០២៤នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំ និងជោគជ័យមួយបន្ថែមទៀតនៃការជួបជុំមហាគ្រួសារគណបក្សនយោបាយនៅអាស៊ីតំណាងឱ្យ៥២ប្រទេស និងស្ថាប័នជាដៃគូមកពីតំបន់ផ្សេងៗ។
សូមបញ្ជាក់ ផងដែរថា គណបក្សប្រជាជនកម្ពុជា នឹងក្លាយជាគណបក្សទីមួយរបស់ ICAPP ដែលបានទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាត ICAPP ចំនួន២លើក ដែលលើកទី១ គឺមហាសន្និបាត ICAPP លើកទី៦ នៅឆ្នាំ២០១០ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដូច្នេះហើយ សម្តេចតេជោ បានសម្រេចប្រគល់ភារកិច្ចជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានមហាសន្និបាត ICAPP លើកទី១២ ដើម្បីបន្តប្រពៃណីនៃការដឹកនាំអង្គមហាសន្និបាត ICAPP។
គណបក្សប្រជាជនកម្ពុជានឹងជំរុញអង្គការ ICAPP បង្កើនតួនាទីយុវជន និងជំរុញបរិវត្តកម្មឌីជីថលនៅក្នុងការតភ្ជាប់សង្គមនិងសេដ្ឋកិច្ច ហើយបន្តចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីទ្វីបអាស៊ីប្រកបដោយសន្តិភាព និងវិបុលភាព និងចង់ឃើញឧបទ្វីបកូរ៉េមានសន្តិភាពយូរអង្វែង។
គណៈប្រតិភូ ICAPP វាយតម្លៃខ្ពស់ចំពោះដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដែលមានភាពចាស់ទុំ និង ការផ្ទេរអំណាចទៅអ្នកបន្តវេនដោយសន្តិភាព ហើយមានសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដោយអ្នកបន្តវេនរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល អាណត្តិទី៧ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជានឹងសម្រេចបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត សម្រាប់ជាតិ និងប្រជាជនកម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយកម្ពុជានឹងដើរតួនាទីកាន់តែសំខាន់សម្រាប់តំបន់ និងពិភពលោកទាំងក្នុងវេទិកាអន្តរគណបក្ស រដ្ឋាភិបាល និងសភា។
នៅក្នុងឱកាសនេះផងដែរ គណៈប្រតិភូ ICAPP ក៏បានធ្វើទស្សនកិច្ច នៅវិមាន៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីតាំង នៃមហាសន្និបាត ICAPP លើកទី១២៕
ដោយ៖ សហការី