ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ ពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក ហ្សាក់ ប៉ឺឡេ (Jacgues Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណា ចក្រកម្ពុជា នៅវិមានរដ្ឋសភា។
ក្នុងឱកាសនោះឯកអគ្គរដ្ឋទូត បាននាំមកនូវការអញ្ជើញពីលោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភាបារំាង ដែលគោរពអញ្ជើញសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានសភាជាស្រ្តី នៅប្រទេសបារំាង នាខែមីនា ឆ្នាំ២០២៤ ខាងមុខ។ វេទិកាដ៏សំខាន់នេះនឹងមានប្រធានសភាជាស្រ្តី នៅទូទំាងពិភពលោកប្រមាណ៤០ប្រទេសចូលរួមដើម្បីពិភាក្សា ចែករំលែកនូវឧត្តមានុវត្ត និងស្វែងរកដំណោះស្រាយ ក្នុងការចូល រួម ចំណែកដល់ការលើកកម្ពស់សិទ្ធិស្រ្តី សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្រ្តី។
លោក ហ្សាក់ ប៉ឺឡេ បញ្ជាក់ថា វត្តមានសម្តេចប្រធានរដ្ឋសភា នៅក្នុងវេទិកានេះមានសារៈសំខាន់បំផុតដល់ការលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាចូលរួមរកដំណោះស្រាយបញ្ហានានារបស់ស្រ្តីដែលកំពុងជួបប្រទះ មានជាអាទិ៍ អំពើហិង្សាលើស្រ្តី វិសមភាពការអប់រំ បញ្ហាសុខភាពជាដើម។ នៅកំឡុងពេលចូលរួមវេទិកានេះសម្តេចប្រធានរដ្ឋសភា ក៏គ្រោងនឹងមានជំនួបជាមួយសមភាគីនៃរដ្ឋសភាបារំាង ដើម្បីជំរុញវឌ្ឍនៈភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ទទួលយកការអញ្ជើញនេះនិងបានថែ្លងអំណរគុណដល់ លោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភាបារំាង ដែលបានគោរពអញ្ជើញសម្តេចទៅចូលរួមវេទិកាដ៏សំខាន់នេះ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា នៅក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះ នូវការប្រទាញប្រទុង គ្នាលើបញ្ហាភូមិសាស្រ្តនយោបាយ ការផ្ទុះឡើងនូវសង្រ្គាម អំពើហិង្សា ព្រមទំាងបញ្ហាជំងឺរាតត្បាតនានា រួមទំាងការប្រែប្រួលអាកាសធាតុផងនោះ បានធ្វើឱ្យស្រ្តី និងកុមារី ងាយនឹងរងគ្រោះជាងគេ។ វេទិកាដែលរដ្ឋ សភាបារំាងនឹងរៀបចំនោះ ពិតជាមានសារៈសំខាន់ និងអាចឆ្លើយតបចំពោះបញ្ហាជាក់ស្តែង។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី និងឯកអគ្គរដ្ឋទូត បានលើកឡើងពីទំនាក់ទំនងដ៏ល្អ ជាប្រវត្តិសាស្រ្តនិងប្រពៃណីរវាងប្រទេសទំាងពីរ ដែលមានតាំង ពីយូរលង់មកហើយ ហើយត្រូវបានពូនជ្រំជាបន្តបន្ទាប់ដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។
គួររម្លឹកថា ថ្នាក់ដឹកនាំកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅប្រទេសបារាំងកាលខែ ធ្នូ ឆ្នាំ២០២២ ហើយកាលថ្មីៗនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសបារំាងផងដែរ។ ព្រះរាជទស្សន កិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងដំណើរទស្សកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនិងស្និទ្ធស្នាលជាទីបំផុត ពីលោកអេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់ប្រទេសបារំាងដែលបានគំាទ្រកម្ពុជាតំាងពីដើមមក ជាពិសេសនៅក្នុងពេលនៃជំងឺរាតត្បាតកូវីដ១៩ បារំាងបានជួយបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ត និងផ្តល់ជំនួយបច្ចេក ទេសជាច្រើនដល់កម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានបន្តថា បារំាងជាប្រទេសមួយ ដែលបានចូលរួមកសាងនិងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពដល់កម្ពុជា ដូចជាវិស័យ ច្បាប់ សុខាភិបាល កសិកម្ម ការអភិវឌ្ឍជនបទ ទឹកស្អាត បច្ចេកវិទ្យា ជាដើម។ សិស្សនិស្សិតកម្ពុជា ដែលសិក្សានៅប្រទេសបារំាង បានក្លាយ ជាថ្នាក់ដឹកនាំក្រសួងស្ថាប័នជាច្រើននៅក្នុងរាជរដ្ឋាភិ បាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
សម្តេចប្រធានរដ្ឋសភា លើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ មានធនធានមនុស្សភាគច្រើនជាយុវជន ដែលមានចំណេះដឹង ភាពស្វាហាប់ និងឆន្ទះមុះមុត នៅក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ដោយផ្តល់ជាអាទិភាពលើសុខភាពពលរដ្ឋ ហើយយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្សជាគន្លឹះ។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើដល់រដ្ឋាភិបាលប្រទេសបារំាងជួយបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសបារំាងឱ្យបានចំនួនច្រើនឡើង និងជួយលើកកម្ពស់ពាណិជ្ជកម្មប្រទេសទំាងពីរ ជួយកៀរគរអ្នកទេសចរនិងអ្នកវិយោគទុនបារំាងមកបណ្តាក់ទុននៅកម្ពុជាឱ្យបានច្រើនឡើង ព្រមទំាងជួយលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយ។
ឯកអគ្គរដ្ឋទូតបារំាង បានគំាទ្រនិងទទួលយកសំណើរបស់សម្តេចប្រធានរដ្ឋសភា។ ជាមួយគ្នានេះលោកបានសម្តែងការជឿជាក់ថាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំវ័យក្មេង ពោរពេញដោយសមត្ថភាពនិងថាមពល កម្ពុជានឹងទទួលបាននូវការរីកចម្រើន កាន់តែឆាប់រហ័ស៕
ដោយ៖ សហការី