ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក មាន ចាន់យ៉ាដា អភិបាលរង តំណាងអភិបាលប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ មានគោលបំណងសំខាន់ដើម្បីផ្សព្វផ្សាយផែនការ បទបញ្ជា គោលការណ៍ណែនាំ និងវិធានការនានាដែលបានដាក់ចេញ និងសហការ តាមដាន ត្រួតពិនិត្យការអនុវត្តសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជធានីភ្នំពេញ ធ្វេីកិច្ចពិភាក្សា លើកជាយោបល់ ការពន្យល់លម្អិតវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីបង្កើនប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមឆន្ទៈនិងគោលការណ៍ណែនាំរបស់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពាក់ព័ន្ធនឹងការងារអាទិភាពទាំង៥។
ក្នុងនាមលោក ឃួង ស្រេង អភិបាល ប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បានលើកឡើងពីការចាត់តាំងអនុវត្តនិងលទ្ធផលលើការងារជាអាទិភាពទាំង៥ និងលិខិតបទដ្ឋាននានាដែលបានដាក់ចុះកន្លងមក និងគ្រប់សមាសភាពទាំងអស់ត្រូវបន្តរៀបចំផែនការច្បាស់លាស់ កំណត់គោលដៅ មុខសញ្ញាជាក់លាក់ចាត់តាំងអនុវត្តនូវការងារអាទិភាពទាំង៥ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។
ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានកោតសសើរ លើកទឹកចិត្ត និងបានណែនាំដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ត្រូវ៖
ទី១.បន្តរៀបចំផែនការសកម្មភាពជាក់លាក់ក្នុងការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមបទបញ្ជា និងគោលការណ៍ណែនាំពាក់ព័ន្ធនានាដែលរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនាពេលកន្លងមក។
ទី២.ត្រូវបង្កើនការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនគ្រប់វេទិកាសារធារណៈរបស់រាជធានី ខណ្ឌ សង្កាត់ ជាពិសេស តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមនានា ការដាក់តាំងបដា ប៉ាណូផ្សព្វផ្សាយនៅតាមទីប្រជុំជន រមនីយដ្ឋាន និងទីតាំងសប្បាយដ្ឋាននានា។
ទី៣.គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបន្តបង្កើនការត្រួតពិនិត្យរដ្ឋបាលតាមគោលដៅប្រឈមនានា ដូចជាផ្ទះសំណាក់ សណ្ឋាគារ បារ ក្លឹបកំសាន្ត និងទីតាំងសប្បាយដ្ឋាននានា ដោយត្រូវគ្រប់គ្រង អប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបានច្បាស់លាស់ជាមួយម្ចាស់ និងអ្នកទទួលខុសត្រូវអាជីវកម្ម ឬទីតាំងទាំងនោះ។
ទី៤.ត្រូវយកចិត្តទុកដាក់ពិនិត្យ ឃ្លាំមើល រកទីតាំង សង្ស័យទាំងឡាយណាដែលអាចកែច្នៃផលិតសារធាតុញៀន ដូចជា ទីតាំងធំៗ បុរី ខុនដូ ។ល ។
ទី៥.ត្រូវបន្តចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្តិភាពឲ្យមានប្រសិទ្ធភាព និងប្រកាន់ភ្ជាប់នូវទិសស្លោកជាតិ ៣កុំ ១រាយការណ៍ ។
ទី៦.ត្រូវរៀបចំផែនការអន្តរាគមន៍ និងបញ្ជូនអ្នកញៀនទៅព្យាបាលស្តារនីតិសម្បទានៅតាមមណ្ឌលនិងត្រូវបែងចែកអ្នកញៀនកម្រិតស្រាលគួរណែនាំ និងបញ្ជូនទៅរកសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពដែលមានផ្តល់សេវាប្រឹក្សា និងព្យាបាលអ្នកញៀនគ្រឿងញៀន និងពង្រឹងយន្តការសមាហរណកម្ម៕
ដោយ៖ សហការី