ខេត្តព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក ឲ្យពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនានាឲ្យមានប្រសិទ្ធភាព ។ ប្រសាសន៍ដាស់តឿនរបស់អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ដែលបានធ្វើឡើងនាថ្ងៃទី១៩ ធ្នូ ២០២៣ ។ កិច្ចប្រជុំនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុកទាំង៨ ថ្នាក់ ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មេឃុំ-ចៅសង្កាត់ មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
របៀបវារៈសំខាន់នៅក្នុងកិច្ចប្រជុំនោះ គឺការលើកឡើងអំពីបញ្ហាប្រឈម ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំឆ្នាំ២០២៣ សន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ ការជួញដូរមនុស្ស និងបទល្មើសផ្សេងៗជាច្រើនទៀត ដែលកើតឡើងនៅក្នុងមូលដ្ឋាននីមួយៗ ។
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក គីម រិទ្ធី នៅក្នុងឱកាសនោះដែរ បានថ្លែងកោត សរសើរ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង -ស្រុក ដែលបានខិតខំបំពេញការងារ សម្រេចបានលទ្ធផលល្អប្រសើរ និងបានទប់ស្កាត់បានយ៉ាងល្អ នូវសកម្មភាពឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗ នៅក្នុងភូមិសាស្រ្តខេត្ត ជាពិសេសនៅតាមបន្ទាត់ព្រំដែន នាពេលកន្លងមក ។
លោក គីម រិទ្ធី បានជំរុញគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក ត្រូវបន្ដខិតខំបំពេញការ ងារបន្ថែមទៀត ដើម្បីរក្សាបានសុខសុវត្ថិភាព និងភាពសុខុដុមរម្យនា ជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ត្រូវបន្តពង្រឹងអនុវត្តន៍តួនាទីភារកិច្ចជំនាញ លើការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ។ ត្រូវរៀបចំឲ្យមានមន្រ្តីប្រចាំការទទួលខុសត្រូវ ដើម្បីដោះស្រាយការស្នើសុំសេវាផ្សេងៗ ពីប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ពង្រឹងយន្តការតាមដាន ត្រួតពិនិត្យបញ្ហាដឹកនាំការអនុវត្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងស្រាវជ្រាវបង្ក្រាបបទល្មើសឲ្យមានប្រសិទ្ធភាព ត្រូវលើកកម្ពស់គុណភាព និងសមត្ថភាពរបស់មន្ត្រីនគរបាលយុត្តិធម៌ និងប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវពង្រឹង និងពង្រីកប្រជាការពារបន្ថែម ដើម្បីឲ្យសមស្របតាមតម្រូវការ និងភូមិសាស្រ្តជាក់ស្តែងរបស់មូលដ្ឋាន ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយ អំពីច្បាប់ពាក់ព័ន្ធ និងច្បាប់ចរាចរ ណ៍ផ្លូវគោកថ្មី និងបង្កើនការផ្លាស់ប្តូរព័ត៌មានជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីស្រាវជ្រាវទប់ស្កាត់បទល្មើសផ្សេងៗ ដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង៕
ដោយ៖ សហការី