សារព័ត៌មាន Reuters នាថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា នៅក្រោមស្ថានភាពអាកាសធាតុដ៏ត្រជាក់ខ្លាំង ក្រុមអ្នកសង្រ្គោះចិនរាប់ពាន់នាក់ ក្នុងថ្ងៃទី២០ខែធ្នូនេះកំពុងតែបន្តប្រឹងប្រែងដើម្បីស្វែងរកនិងជួយសង្រ្គោះអ្នកនៅមានជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីបានអង្រួនខេត្ត Gansu ភាគពាយ័ព្យប្រទេស កាលពីជាងមួយថ្ងៃមុននេះ។
គ្រោះរញ្ជួយដីមួយកម្រិត៦.២រ៉ិចទ័រ បានវាយប្រហារតំបន់ Jishishan នៃខេត្ត Gansu ក្បែរព្រំប្រទល់ខេត្ត Qinghai កាលពីវេលាយប់ពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទឈានចូលថ្ងៃអង្គារសប្តាហ៍នេះ។ គិតត្រឹមព្រឹកថ្ងៃពុធនេះ ចំនួនអ្នកបាត់បង់ជីវិតនៅខេត្ត Gansu បានកើនដល់១១៣នាក់ និងរបួស៧៨២នាក់ ខណៈនៅ Qinghai អ្នកស្លាប់កើនដល់១៨នាក់ និងរបួស១៩៨នាក់។ មនុស្សសរុប៧៨នាក់ ត្រូវបានជួយសង្រ្គោះនៅខេត្ត Gansu។ ក្រៅពីបង្កឱ្យមានមនុស្សស្លាប់និងរបួស គ្រោះរញ្ជួយដីនោះបានធ្វើឱ្យខូចខាតផ្លូវថ្នល់ ស្ពាន និងខ្សែបណ្តាញផ្គត់ផ្គង់ថាមពលនិងទឹក បំផ្លាញលំនៅឋានសរុបជាង១៥០,០០០ខ្នង ហើយបង្កឱ្យមានបំណាក់ដីនិងល្បាប់ភក់។
ទាំងក្រុមអ្នកសង្រ្គោះ ព្រមទាំងអ្នកនៅមានជីវិត ជាពិសេសអ្នកជាប់ក្រោមគំនរអគារគឺកំពុងត្រូវប្រឈមមុខជាមួយស្ថានភាពអាកាសធាតុដ៏ត្រជាក់ខ្លាំង ដែលបានបន្តគ្របដណ្តប់ភាគច្រើននៃប្រទេសចិន ចាប់តាំងតែពីសប្តាហ៍មុនមក។ សីតុណ្ហភាពនៅជុំវិញទីតាំងចំណុចរំញ័រកណ្តាលនៃគ្រោះរញ្ជួយដីបានធ្លាក់ចុះដល់ -១៥អង្សាសេ កាលពីយប់ថ្ងៃអង្គារ ស្របពេលដែលក្រុមជួយសង្រ្គោះនៅបន្តការងាររបស់ខ្លួន៕ ដោយ៖ ធីរីណា
រូបថត៖ tuoitre.vn