ព័ត៌មានទាន់ហេតុការណ៍៖

រយៈមួយសប្ដាហ៍! កម្លាំង​សមត្ថកិច្ច​ ឃាត់ខ្លួនជនសង្ស័យចំនួន​៧៩នាក់​ ក្នុងករណី​ព្រហ្មទណ្ឌទូទៅលើ​ ៥៧ករណី

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន​ ៧៩នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ ចុះស្រាវជ្រាវ​ និងឃាត់ខ្លួនលើមុខសញ្ញាព្រហ្មទណ្ឌទូទៅចំនួន៥៧ករណី ក្នុងរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពីបណ្ឌិតទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ​។ 

​អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានថ្លែង​ឱ្យ​ដឹង​កាលពីថ្ងៃទី​១៩​ ខែធ្នូ​ម្សិលមិញនេះ​ថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌទាំង៥៧ករណី មានករណីលួចចំនួន ២៨ករណី អំពើហិង្សា១៩ករណី លួច(ឆក់)មាន ៤ករណី ឆបោក២ករណី និងក្រៅពីនេះ  ករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) ឃាតកម្ម មនុស្សឃាតដោយអចេតនា រំលោភសេពសន្ថវៈ ​មានតែមួយករណី​ប៉ុណ្ណោះ ​ដែលបានកើតឡើងនៅទូទាំង​ប្រទេស។ 

​ក្រសួងមហាផ្ទៃបានចាត់វិធានការយ៉ាង​យកចិត្តទុកដាក់បំផុត ពិសេសស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែល​បានដាក់ទិសដៅអាទិភាពយ៉ាងម៉ឺងម៉ាត់និងប្រកបដោយទទួលខុសត្រូវដើម្បីធានាបាននូវសន្តិសុខនិងសណ្ដាប់ធ្នាប់ តាមទស្សនៈ អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ 

លទ្ធផលរយៈពេលមួយសប្តាហ៍នេះគឺជាការខិតខំប្រឹងប្រែងយ៉ាងក្លៀវខ្លានិងប្រកបដោយការទទួលខុសត្រូវស្របតាមនីតិវិធីដែលបានកំណត់ដោយច្បាប់របស់ អគ្គស្នងការនគរបាលជាតិ បណ្ដាស្នងការដ្ឋាននគរបាលរាជធានីខេត្តនិងអធិការដ្ឋានក៏ដូចជាប៉ុស្តិ៍នគរបាលទូទាំងប្រទេស។

អ្នករាំពាក្យដដែលនេះក៏បានបន្តទៀតថា សមត្ថកិច្ចនៅតាមបណ្ដារាជធានីគ្រប់ខេត្តក្រុងទាំងអស់ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ដើម្បីបង្ការ និងបង្ក្រសបបទល្មើសទាំងឡាយ ជាពិសេសនៅក្នុងបទល្មើសដែលពាក់ព័ន្ធទិដៅអាទិភាពទាំង៦ ដែល​ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានដាក់ចេញ និងតែងក្រើនរម្លឹកជារឿយៗដល់​ស្ថាប័នពាក់ព័ន្ធក្រោមឱវាទ​ក្រសួងមហាផ្ទៃ៕

ដោយ៖ សហការី


ចែករំលែក៖