ប្រទេសជប៉ុន ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលស្វាគមន៍ប្រតិភូនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ លោក យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមកធ្វើទស្សនកិច្ចសិក្សានៅទីក្រុងតូក្យូ សៃតាម៉ា និងសាប៉ូរ៉ូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៨-២៣ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងអំឡុងពេលទស្សនកិច្ចសិក្សានេះ ប្រតិភូនៃអគ្គលេខាធិការដ្ឋាន អ.គ.ហ. នឹងជួបពិភាក្សាការងារជាមួយក្រសួងហិរញ្ញវត្ថុជប៉ុន សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Saitama និងសាកលវិទ្យាល័យ GRIPS ព្រមទាំងទីភ្នាក់ងារ JICA និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណងស្វែងរកព័ត៌មានបំពេញបន្ថែម និងសហការគ្នាជាមួយភាគីជប៉ុន ដើម្បីរៀបចំបោះពុម្ពសៀវភៅ (Co-publisher) ស្តីអំពី អភិបាលកិច្ចក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-បទពិសោធន៍របស់ប្រទេសជប៉ុន។
ឆ្លៀតក្នុងឱកាសនេះ លោកឯកអគ្គរាជទូត បានសម្តែងការកោតសរសើរ និងគាំទ្រចំពោះក្រុមការងារប្រតិភូ អ.គ.ហ. ដែលបានកំពុងរៀបចំធ្វើសៀវភៅដ៏មានសារៈសំខាន់នេះឡើង និងជូនពរឱ្យដំណើរទស្សនកិច្ចសិក្សារបស់ លោក យ៉េត វីណែល និងក្រុមការងារ អ.គ.ហ. ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងសម្រេចលទ្ធផលតាមការរំពឹងទុក៕
ដោយ ៖ សហការី