ព័ត៌មានទាន់ហេតុការណ៍៖

ប្រាប់ប្រពន្ធថាទៅបើកឡានអោយគេនៅខេត្តកំពត ដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសារ ទីបំផុត ! មកនៅផ្ទះជួលជាមួយស្រីស្នេហ៍ ប្រពន្ធតាមទាន់ក្លាយជាជម្លោះ

ចែករំលែក៖

ភ្នំពេញ ៖ បញ្ហាផិតក្បត់ ជាអំពើមួយដែលសង្គម មិនអាចទទួលយកបាន ខណៈប្រទេសយើងអនុញ្ញាតអោយ មាន ប្តីមួយ ប្រពន្ធមួយ ។ ប៉ុន្តែបុគ្គល ខ្លះបានងប់ងល់ ភ្លើងស្នេហ៍ ភ្លេចអស់សីលធម៌របស់ខ្លួន ធ្វើឱ្យរង្វង់គ្រួសារប្រេះស្រាំ បាត់បង់ទំនុកចិត្តគ្នា ក្លាយជាអំពើ ផិត ក្បត់ ខុសពីប្រពៃណីជាតិដ៏ផូផង់របស់យើង។ 

ជាក់ស្តែងលោក​ប្តី​កំហូច​រឿងលួចមានកំណាន់ចិត្តថ្មី ត្រូវ​បាន​ប្រពន្ធ​ដឹង​ បាន​តាម​ទាន់​ជាន់កែង ​ដោយសារ​តែ​បាន​ប្រព្រឹត្ត​នូវ​រឿង​ច្រំ​​ដែល​ៗ​​ជាន់​ដាន​ចាស់​មិន​ឈប់ ព្រោះ​តែ​​​លួច​លាក់មាន​ស្រី​ ក្បត់ចិត្ត​ប្រពន្ធ​របស់​ខ្លួន​ម្ដង​ហើយ​ម្ដងទៀត មិន​ព្រម​​កែ​ទាល់តែ​សោះ ទើប​ធ្វើ​ឲ្យ​​ប្រពន្ធ​អស់​ទំនុកចិត្ត​ ក៏​បាន​តាមដាន​គាត់​​ជាប់​រហូត​​មក​សៅ​គ្រី​​ទី​ណា​​ក៏​ដឹង​ ។ នេះជាមូលហេតុ បង្កើតវិប្បដិសារី ក្នុងគ្រួសារ ចាំពេញមួយជីវិត។ 

ក្បត់នៅតែក្បត់ ! ដោយឡែក​ចុង​ក្រោយ​នេះ ​ប្តី​បាន​ប្រាប់​មក​​​ប្រពន្ធ​ថា ទៅ​បើករថយន្ត​ឲ្យ​គេ​​នៅ​ឯ​ខេត្ត​កំពត​​​ដើម្បីរក​​​ប្រាក់​​​ផ្គត់​​ផ្គង់​​​គ្រួសារ​​ ។ ប៉ុន្តែ​ក្រោយ​​​ចេញ​ផុត​ពី​ផ្ទះ​ មាន​ទៅ​ខេត្តកំពត​ឯណា បែរ​​ជា​មក​ដេក​ជាមួយ​ស្រី​ស្នេហ៍​នៅ​ក្នុង​បន្ទប់​​ជួល​​​ទៅ​​​វិញ​ ហើយ​​ក៏​​ត្រូវ​​ប្រពន្ធ​តាម​​ទាន់​​ផ្អើល​​​​ឈុ​ល ដល់អ្នកជិតខាង ហើយចងជាកំហឹងដល់ភរិយា ចំពោះទង្វើពុតត្បុតអាក្រក់ខ្លួនឯងសោះ ។ 

សូមបញ្ជាក់ថា ៖ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពីវេលា​ម៉ោង​​​៤​ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ ម្សិលមុិញ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ ។ 

ប្ដី​ប្រពន្ធ​​​នេះ​​ពុំ​ត្រូវ​បាន ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ ពួក​គាត់​រស់នៅ​ឯ​ស្រុក​​កោះធំ ខេត្តកណ្ដាល ។ ពេល​​កើត​រឿង​ក្រោយ​ពេល​អាជ្ញាធរ​ភូមិ និង​ប្រជា​ការពារ​ភូមិ​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល និង​ការ​ពារ​​មិន​ឲ្យ​កើត​មាន​អំពើ​ហិង្សា​រួច​មក​ពួក​គាត់​ទាំង​២​នាក់​ រួម​ទាំងស្រី​ស្នេហ៍​របស់​ប្ដី បាន​នាំ​គ្នា​ចាកចេញ​បាត់​អស់​ទៅ ។ 

តាម​ប្រភព​ពី​កន្លែង​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ បុរស​ជា​ប្ដី​រូប​នោះ​បាន​លួចលាក់​មាន​ស្នេហា​ជាមួយ​​ស្រី​ក្រៅ​ក្បត់ចិត្ត​ប្រពន្ធ​របស់​ខ្លួន ហើយ​កន្លង​មក​បាន​លួច​មក​ជួប​រួមរ័ក​មេត្រី​ជាមួយ​ស្រី​ម្នាក់​​នោះ​ក្នុង​បន្ទប់​ជួល​ខាងលើ​នេះ និង​ធ្លាប់​ត្រូវ​បាន​ប្រពន្ធ​តាម​ទាន់នៅ​កន្លែង​​ដដែល​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ម្ដង​រួច​មក​ហើយ ។

បន្ទាប់​មក​ក៏​ស្ងាត់​មួយ​រយៈ​ តែ​ប្រពន្ធ​បាន​អស់​​​​ទំនុកចិត្ត​លើ​ប្តី​កំហូច​នេះ​ទៀត​ហើយ ម្យ៉ាង​ទៀត​​​បាន​ធ្វើ​ឲ្យ​ជីវិត​ប្តី​-​ប្រពន្ធ រស់នៅ​មិនសូវ​ចុះ​​សម្រុង​នឹង​គ្នា​ដូច​មុន​ទៀត​ឡើយ ព្រោះតែ​លោក​​​ប្តី​នេះ​មិន​ព្រម​កែខ្លួន នៅ​តែ​ប្រព្រឹត្ត​រឿង​ចាស់​​ដដែល​ៗ​ទៀត ។ ប្រភព​ដដែល​បាន​ប្រាប់​​ឲ្យ​ដឹង​បន្ត​ទៀត​ថា ៖ លុះដល់​ថ្ងៃ​កើតហេតុ​ បុរស​​នេះ​បាន​ប្រាប់​ប្រពន្ធ​ថា ទៅ​បើករថយន្ត​​ឲ្យ​គេ​​នៅ​ឯ​ខេត្តកំពត ​រួច​ក៏​ជិះ​ម៉ូតូ​១​គ្រឿង​ចាក​ចេញពីផ្ទះ​បាត់​ទៅ ។ ប៉ុន្តែ​ក្រោយ​ចេញ​ផុត​ពី​ផ្ទះ​គាត់​អត់​បាន​ទៅ​ខេត្តកំពត​នោះ​ទេ បែរជា​មក​ណាត់ជួបស្រី​ស្នេហ៍​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​ទៀត ។ ចំណែក​​ឯ​ប្រពន្ធ​មិន​ទុក​ចិត្ត​​ទេ​ ​ក៏​​បាន​តាមដាន​ជាប់​រហូត​ដូច​ស្រមោល​អន្ទោលតាមប្រាណ ។ ​ខណៈ​គាត់​កំពុង​ត្រេកត្រអាល​ជាមួយ​ស្រី​ស្នេហ៍​​ជក់​ចិត្ត​​ដិត​អារម្មណ៍​​​ក្នុង​បន្ទប់ ស្រាប់តែ​ប្រពន្ធ​ទៅ​ទាន់ ភ្នែកនៅកញ្ជឹង ក តែម្តង ។ លើក​នេះ​ខុស​ពី​លើក​មុន​ដោយ​ប្រពន្ធ​បាន​យក​ខ្សែ​ចង​ទ្វារ​បន្ទប់​ពី​ខាងក្រៅ​ជាប់ រួច​ស្រែក​ឆោឡោ​​ប្ដឹង​​អាជ្ញា​ធរ​​ភូមិ​​ និង​ប្រជា​ការពារ​ភូមិ​​ឲ្យ​ជួយ​អន្តរាគមន៍​បង្ក​ការ​ភ្ញាក់ផ្អើល​ឈុល​ទាំង​ល្ងាចតែ​ម្តង។​

ក្រោយមកក៏យកប្តីកំហូចទៅផ្ទះវិញ មិនអោយមកបើកឡានក្នុងបន្ទប់ផ្ទះជួល ដើម្បីប្រឹងបានលុយយកទៅផ្គត់ផ្គង់គ្រួសារទៀតទេ ព្រោះភាសាបោករបស់លោកប្តីអស់ល័ក្ខណ៍ហើយ ៕

ដោយ ៖ សហការី


ចែករំលែក៖