ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់នាវាដឹកទំនិញដែលមានចំណុះផ្ទុកលើសពី៤០តោន ដល់១៥០តោន និងនាវានេសាទដែលមានកំលាំងម៉ាស៊ីនលើសពី៩០សេះ ដល់២៥០សេះ ចុះបញ្ជី សេវាត្រួតពិនិត្យបច្ចេកទេស និងផ្តល់លិខិតអនុញ្ញាតអាជីវកម្មដល់នាវាដឹកទំនិញ និងនាវានេសាទ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសម្ចាស់នាវាដឹកទំនិញដែលមានចំណុះផ្ទុកលើសពី៤០តោន ដល់១៥០តោន និងនាវានេសាទដែលមានកំលាំងម៉ាស៊ីនលើសពី៩០សេះ ដល់២៥០សេះ ទាំងអស់ឱ្យបានជ្រាបថា ដើម្បីជួយសម្រួលដល់នីតិវិធី និងជំរុញដល់ការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព បងប្អូនដែលជាម្ចាស់នាវាខាងលើ អាចយកមកចុះបញ្ជី សេវាត្រួតពិនិត្យបច្ចេកទេស និងផ្តល់លិខិតអនុញ្ញាតអាជីវកម្មដល់នាវាដឹកទំនិញ និងនាវានេសាទ នៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឆ្នេរសមុទ្រ ដូចមានចែងក្នុងលិខិតខាងក្រោម។

ដើម្បីអនុវត្ត ការងារផ្តល់សេវាសាធារណៈជូនសាធារណៈជនឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព អគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សូមប្រគល់ភារកិច្ច និងការទទួលខុសត្រូវការងារផ្តល់សេវាសាធារណៈលើផ្នែក ដឹកជញ្ជូនផ្លូវទឹកទៅឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឆ្នេរសមុទ្រ ក្នុងនាមក្រសួងសាធារណការនិងដឹកជញ្ជូន រហូតដល់មានការណែនាំថ្មី។ ភារកិច្ច និងការទទួលខុសត្រូវលើការផ្តល់សេវាសាធារណៈនេះ មានដូចខាងក្រោម៖ ១. ចុះបញ្ជី ត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា និងផ្តល់លិខិតអនុញ្ញាតអាជីវកម្មនាវា ដែលធ្វើ នាវាចរណ៍នៅខេត្តឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា និងដែលមានចំណុះដូចខាងក្រោម៖ នាវាដឹកទំនិញដែលមានចំណុះផ្ទុកលើសពី៤០តោន ដល់១៥០តោន នាវានេសាទដែលមានកម្លាំងម៉ាស៊ីនលើសពី៩០សេះ ដល់ ២៥០សេះ។ 

២. គ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងឃ្លាំមើលសកម្មភាពនាវាចរណ៍នៅក្នុងដែនខេត្តសាមី។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ៖ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកប្រធានមន្ទីរ ជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព ។ សូម លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ទទួលនូវការរាប់អានពីខ្ញុំ ៕

ដោយ ៖ សហការី


ចែករំលែក៖