ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក អ៊ូ យាន (Wu Yan) អនុរដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនៃជំនួបនេះ លោក អ៊ូ យាន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីលទ្ធផលជាផ្លែផ្កាក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជាពិសេស ការបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិន និងការបន្តកិច្ចសហការលើវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារការងារនៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ លោក អ៊ូ យាន និងគណៈប្រតិភូ ក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមក្នុងពិធីសម្ពោធសាកលវិទ្យល័យខេមតិច ដែលសបញ្ជាក់នូវចំណងកិច្ចសហប្រតិបត្តិការជិតស្និទ្ធកម្ពុជា-ចិន ។ ទន្ទឹមនេះ សម្តេចមហាបវរធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កានៃជំនួបរវាង លោក អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា កម្ពុជា និងបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពចម្បង និងតែបានយកចិត្តទុកដាក់ក្នុងការកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង និងសុខភាពបរិបូរណ៍ ព្រមទាំងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ដើម្បីពង្រឹងប្រព័ន្ធ និងគុណភាពអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១លាន ៥សែន នាក់ ។  ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធីមួយចំនួន តួយ៉ាងដូចជា កម្មវិធី STEM ដើម្បីជួយតម្រង់ទិសសិស្សានុសិស្សឱ្យមាននូវជំនាញសំខាន់ៗសម្រាប់ទីផ្សារការងារ ។ ក្នុងជំនួបនោះផងដែរ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបន្តផ្តល់អាហារូបករណ៍បន្ថែមទៀតបើកឱកាសឱ្យនិសិ្សតកម្ពុជាបន្តការសិក្សានៅប្រទេសចិន ព្រមទាំងបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងអប់រំ ក៏ដូចជារវាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរកម្ពុជា-ចិន ៕

ដោយ ៖ សហការី


ចែករំលែក៖