ព័ត៌មានទាន់ហេតុការណ៍៖

ដំណាក់កាលតំណាងអយ្យការបានបើកការស៊ើបសួរលើស្រ្តីម្នាក់ប្រើអំពើហិង្សាលើកុមារីនោះរួចរាល់ហើយ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា តំណាងអយ្យការបានបើកការស៊ើបសួរ លើស្រ្តីម្នាក់ដែលពាក់ពន្ធករណីប្រើអំហិង្សាលើកុមារី អនីតិជនរួចរាល់ហើយដែលចោទពីបហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា កាលពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលទួលសង្កែ១បានឃាត់ខ្លួនស្ត្រីម្នាក់ ករណីហិង្សាលើអនីតិជន។

ក្មេងស្រីរងគ្រោះមានឈ្មោះ យ.វ.ស អាយុ៦ឆាំ្ន ជាសិស្ស ។ ចំណែកស្ត្រីដែលជាជនត្រូវចោទឈ្មោះ ឃុន វ៉ាន់ដា អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ(ត្រូវជាអ៊ំស្រីក្មេងរងគ្រោះ) ។

មុនពេលកើតហេតុនៅថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានហៅក្មួយចំនួន០៤នាក់ហូបបាយជុំគា្ន ក្នុងនោះក៏មានក្មេងស្រីរង គ្រោះម្នាក់ផងដែរ ។ ក្រោយពេលហូបបាយរួចជនសង្ស័យបានហៅជនរងគ្រោះមករៀន ប៉ុន្តែជនរងគ្រោះមិនទៅរៀនទេ ធើ្វឱ្យជនសង្ស័យខឹងដោយទ្រាំមិនបានក៏ទាញដៃជនរងគ្រោះចេញពីក្នុងផ្ទះមកឈរខាងក្រៅរបងផ្ទះ រួចជនសង្ស័យបានបិទទា្វររបងដើរចូលទៅក្នងវិញ ចំណែកជនរងគ្រោះនៅស្រែកយំ ហើយក៏យកដៃវាយទា្វររបងផ្ទះធើ្វឱ្យជនសង្ស័យខឹងទ្រាំមិនបានក៏បើកទា្វររបងយកក្រមាដែលទុកនៅលើម៉ូតូ ធ្វើសកម្មភាពចងដៃចងជើងជនរងគ្រោះឱ្យដេកផ្កាប់មុខទៅលើដី ហើយពេលនោះជីដូនជនរងគ្រោះក៏បានចេញពីក្នុងផ្ទះ មកអង្គុយពីលើជនរងគ្រោះជួយចងជើងដែរ រួចដើរចូលក្នុងផ្ទះវិញបិទទា្វររបង ចំណែកជនរងគ្រោះនៅតែស្រែកយំននៀលដី ធ្វើឱ្យជនសង្ស័យទ្រាំមិនបានបើកទា្វររបងផ្ទះចេញមកក្រៅទះកំផ្លៀងជនរងគ្រោះចំនួន០៣ដៃទៅលើផ្ទៃមុខម្តងទៀត ។ 

ដោយឃើញសកម្មភាពប្រើអំពើហិង្សាលើកុមារីយ៉ាងដូច្នេះ អ្នកជិតខាងមានការអាណិតអាសូរក្មេងស្រីនោះ ក៏បានថតរូបភាពជាវីដេអូបង្ហោះលើបណ្តាញសង្គម ដើម្បីឱ្យឪពុកម្តាយក្រុមគ្រួសារឬសាច់ញាតិគេដឹង ពិសេសទៀតនោះគឺចង់ឲ្យសមត្ថកិច្ចបានឃើញនិងជួយអន្តរាគមន៍ដល់ជនរងគ្រោះ ។ ក្រោយពីបែកធ្លាយសកម្មភាពដោយអំពើហិង្សាលើកុមារីជាអនីតិជន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាទៅលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌដើម្បីចុះទៅអនុវត្តផ្ទាល់ជាមួយលោកអធិការនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យយកមកចាត់ការតាមផ្លូវច្បាប់តែម្តងទៅ ។

បច្ចុប្បន្នជនត្រូវចោទដែលជាអ៊ំស្រីម្នាក់នោះកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ អាចនឹងឃុំខ្លួនជាបណ្ដោះអាសន្ន ឬដាក់ឲ្យស្ថិតនៅក្រៅឃុំតាមឆន្ទានុសិទ្ធិរបស់ចៅក្រមឬក៏យ៉ាងណា នៅថ្ងៃស្អែកនេះ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖