ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូទាក់ដៃចង្លូតជាមួយរថយន្តមួយគ្រឿងដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រកិនបែកក្បាលស្លាប់ភ្លាមមួយរំពេច កាលពីវេលាម៉ោង៩និង២៨នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ២០១១ ក្បែរផ្សារទំនើបឡាក់គី ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ រៀម សុីណែត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅម្ដុំផ្សារបឹងបៃតង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅឯខេត្តសៀមរាប។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកយ៉ាម៉ាហា មួយគ្រឿងពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ1HE-2699ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ារថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌បៃតងលាយស ពាក់ផ្លាកលេខភ្នំពេញ3D-0559 ដែលបើកស្របទិសដៅគ្នា មិនផុតក៏បានវាក់អឺនឹងរថយន្តហាយឡេនឌ័រមួយគ្រឿងមិនចាំស្លាកលេខបើកបរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងបណ្ដាលឱ្យទាក់ដៃចង្កូតម៉ូតូជាមួយរថយន្តដួលខ្ទាតជនរងគ្រោះចូលក្រោមកង់រថយន្តខាងឆ្វេងកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែករថយន្តកុងតឺន័រមិនបានឈប់នៅនឹងកន្លែងកើតហេតុនោះទេ គឺបានព្យាយាមបើករត់រហូតមកដល់ផ្លូវរថភ្លើងក្បែររោងចក្រ(C7)ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ រួចប្រគល់ជូនសមត្ថកិច្ច ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ