ភ្នំពេញ៖ យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញគិតជាទឹកប្រាក់សរុបចំនួនប្រមាណ ២១.៣ពាន់លានដុល្លារកើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២ ខណៈការនាំចូលទំនិញពីក្រៅប្រទេសធ្លាក់ចុះ ១៩.៩% ស្មើ នឹងប្រមាណ ២២,២ពាន់លានដុល្លារ។
ប្រភពបានបន្តថា ក្នុងនោះការនាំចេញទៅទីផ្សារអាមេរិក មានទឹកប្រាក់ ៨.១៤ ពាន់លានដុល្លារ, ជប៉ុន ១ពាន់លានដុល្លារ រួមចំណែកប្រមាណ ៣៨% នៃទំហំនាំចេញសរុបបានពីក្រោយដោយប្រទេសវៀតណាម ២.៦ ពាន់លានដុល្លារ,ចិន ១.៣ ពាន់លានដុល្លារនិងជប៉ុន១.០៦ ពាន់លានដុល្លារ។
ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅក្រៅប្រទេសមានដូចជាសំលៀកបំពាក់ ៨.៣ពាន់លានដុល្លារ ធ្លាក់ចុះ ១៥%,ផលិតផលស្បែកជើង ១.៥ ពាន់លានដុល្លារ ធ្លាក់ ចុះ ២២%,សម្ភារៈធ្វើដំណើរ ១.៦ ពាន់លានដុល្លារ ធ្លាក់ ចុះ ១០% និងម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី ១.៧ ពាន់លានដុល្លារ កើនឡើង ៧៣%។
កម្ពុជានាំចូលទំនិញពីប្រទេសចិន មានទឹកប្រាក់ ៩.៧ ពាន់លានដុល្លារ កើនឡើង ៣%,ពីប្រទេសវៀតណាម ៣.២ ពាន់លានដុល្លារ ធ្លាក់ចុះ ៩.៧% និងថៃ២.៦ពាន់លានដុល្លារ ធ្លាក់ចុះ២៥%។ ការដោះដូរពាណិជ្ជកម្មអន្តរជាតិនេះធ្វើឱ្យកម្ពុជាមានឱនភាពជញ្ជឹងពាណិជ្ជ កម្មជាង ៩០០លានដុល្លារ។
ក្នុងនោះទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន ២៦.៥៧ ពាន់លានដុល្លារអាម៉េរិក ដែលការនាំចេញមានទំហំ ៧.២១ ពាន់លានដុល្លារអាម៉េរិក គឺកើនឡើង ២៧.២៩%។ ទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦១.០៦% នៃទំហំពាណិជ្ជកម្មសរុប របស់កម្ពុជា៕
ដោយ៖ សូរិយា