ភ្នំពេញ៖ សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ធ្នូ ២០២៣៖
សម្តេចធិបតី បានមានប្រសាសន៍ថា ថ្ងៃនេះ គឺជាលើកទី៣ ហើយដែលបានចូលរួមជាមួយ លោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធសមិទ្ធផល និងបើកការដ្ឋាននានា ជាពិសេសក្នុងឆ្នាំ២០២៣ ដែលជាខួបអនុស្សាវរីយ៍៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន។
ជាសក្ខីភាព ការកសាងអាងប្រព្រឹត្តកម្មនេះ គឺជាការជួយបង្កើនបរិស្ថានអនាម័យ និងការគ្រប់គ្រងទឹកកខ្វក់ ដែលបម្រើដល់ផលប្រយោជន៍ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ទីតាំងដែលយើងទាំងអស់គ្នាកំពុងប្រារព្ធពិធី គឺជាអតីតកន្លែងវាយសម្លាប់ប្រជាជនខ្មែរមកពីគុកទួលស្លែង ប្រមាណជាង ២ ម៉ឺននាក់ នាសម័យកាលដ៏ខ្មៅងងឹតនៃរបប ប៉ុល ពត។ បច្ចុប្បន្នកន្លែងនេះ បានប្រែក្លាយ ជាទីកន្លែងពោរពេញដោយការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើដល់ការរស់នៅរបស់ប្រជាជន និង សេដ្ឋកិច្ចជាតិយ៉ាងសំខាន់។ មនុញ្ញផលនេះ គឺអាចកើតមានឡើងដោយសារសុខសន្តិភាព ដែលនាំឱ្យកម្ពុជា បញ្ចប់សង្គ្រាម និងនាំឱ្យមានការឯកភាពទឹកដីកាលពី ២៥ ឆ្នាំមុន ដោយការអនុវត្តនយោបាយឈ្នះ ឈ្នះ ហើយនេះជាអ្វីដែលយើងត្រូវមានមោទកភាព ហើយត្រូវប្តេជ្ញារួមគ្នាការពារឱ្យបាន។ ពិតណាស់ កាលណា យើងនិយាយអំពីសមិទ្ធផល យើងត្រូវនិយាយពីការការពារ និងថែទាំ ហើយអ្វីដែលយើងត្រូវចងចាំ គឺបរិស្ថាន គ្របដណ្តប់ដែលបង្កើតឱ្យមាន នោះគឺសុខសន្តិភាព និងស្ថិរភាព។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានធ្វើការគូសបញ្ជាក់ជូនដល់ប្រជាជនកម្ពុជា អំពីភាពត្រឹមត្រូវ និងហ្មត់ចត់របស់រាជរដ្ឋាភិបាល ក្នុងការគិតគូរលើការអភិវឌ្ឍជាតិ ជាពិសេសការប្រើប្រាស់ ថវិកាប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ និងស្របតាមច្បាប់ថវិកាយ៉ាងគត់មត់បំផុត។ ជាក់ស្តែងមាន សារព័ត៌មាន ក្រៅប្រទេសដែលតែងសរសេរព័ត៌មានមិនពិត ប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មាន និង គ្មានក្រមសីលធម៌ បានយកស្លាកសារព័ត៌មានជាទីជម្រកក្នុងការធ្វើសកម្មភាពកុហក បំភ្លៃ និងប្រឌិតរឿង វាយប្រហាររាជរដ្ឋាភិបាល។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដែលបង្កើតឡើង ដើម្បីតភ្ជាប់ ការដឹកជញ្ជូនផ្លូវទឹកពីទន្លេសាប ទៅកាន់សមុទ្រ ហើយមានគោលដៅសំខាន់តែមួយគត់ គឺបម្រើផលប្រយោជន៍ ជាតិ និងប្រជាជនកម្ពុជា។ គម្រោងនេះ បានប្រើប្រាស់រូបមន្ត BOT (កសាង ដំណើរការ និងផ្ទេរ) ដែលវិនិយោគ ដោយក្រុមហ៊ុនឯកជន មួយរយភាគរយ និងមិនប្រើប្រាស់ថវិការបស់ជាតិឡើយ គឺមានលក្ខណៈដូចគ្នាទៅនឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ប៉ុន្តែបែរជាត្រូវបានសារព័ត៌មានមួយចំនួន បានកុហក ប្រជាជនថា រាជរដ្ឋាភិបាលទៅខ្ចីថវិកាបរទេសមកធ្វើគម្រោងព្រែកជីកហ្វូណន រួមនឹងធ្វើការស្តារសេដ្ឋកិច្ច ទៅវិញ។ ក្នុងន័យនេះ អ្វីដែល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការបកស្រាយ គឺក្នុងគោលបំណង ជម្រាបទៅសាធារណជនអំពីការពិត ហើយក៏ដើម្បីការពារនូវសេចក្តីថ្លៃថ្នូរ ភាពត្រឹមត្រូវរបស់មន្ត្រីរាជការ គ្រប់កម្រិត រួមទាំងថ្នាក់ដឹកនាំ ដែលបានខិតខំគ្រប់បែបយ៉ាងដើម្បីបង្កើត និងកសាងសមិទ្ធផលថ្មីៗជូនជាតិ និងពង្រីកផលប្រយោជន៍ជូនប្រជាជន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី តែងបញ្ជាក់ច្បាស់ក្នុងការទទួលយក នូវមតិរិះគន់ស្ថាបនា ប៉ុន្តែជំទាស់ទៅនឹង ការបង្កើតព័ត៌មានប្រឌិត បង្កើតបញ្ហា ដោយផ្ទុយទៅនឹងច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
មុននឹងបញ្ចប់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍មួយចំនួនសម្រាប់រដ្ឋបាល រាជធានីភ្នំពេញ និងគ្រប់ខេត្ត ព្រមទាំងក្រសួងជំនាញ យកទៅអនុវត្តសម្រាប់រៀបចំ និងថែរក្សាសណ្តាប់ធ្នាប់ និងបង្កលក្ខណៈដល់ការសប្បាយរីករាយជូនដល់ប្រជាជន និងភ្ញៀវទេសចរទាំងអស់នៅកម្ពុជា ក្នុងឱកាស នៃការអបអរសាទរ ឆ្លងឆ្នាំសាកល២០២៤៖
ទី១ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្តនានា ត្រូវបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវ ចំណាត់ការទប់ស្កាត់បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមាន ចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម ជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍ចូលឆ្នាំសាកល២០២៤ ខាងមុខ និងត្រូវយកចិត្តទុកដាក់ការពារសន្តិសុខសុវត្ថិភាពជូនភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ។ ទី២ ក្រសួងទេសចរណ៍ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំតុបតែងលម្អ ទីតាំងកម្សាន្ត សប្បាយឱ្យបានច្រើនសម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាស អបអរសាទរឆ្នាំសាកល២០២៤ជាពិសេសទីតាំងសម្រាប់ការរាប់ថយក្រោយឆ្លងឆ្នាំសាកល (Count down ) និងសូមលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី សម្តែងសិល្បៈ កីឡាប្រដាល់គុនខ្មែរ និង ជម្រើសនៃការកម្សាន្តផ្សេងៗទៀត ដើម្បីបង្កើនការទាក់ទាញទាំងភ្ញៀវទេសចរ ក្នុងស្រុក និងអន្តរជាតិ ។
ទី៣ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ត្រូវបន្តរៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសាកលល្អជាងគេប្រចាំឆ្នាំ (Best Countdown City of the Year)» ដោយត្រូវ ពិនិត្យ និងវាយតម្លៃផ្អែកលើលក្ខណៈពិសេសសំខាន់ៗ ដូចជា សន្តិសុខ សុវត្ថិភាព អនាម័យ-បរិស្ថាន ការតុបតែងលម្អ ជម្រើសនៃការកម្សាន្ត ទីតាំងកម្សាន្តសប្បាយ ភាពពេញចិត្ត និងភាពសប្បាយរីករាយ របស់ភ្ញៀវទេសចរ ព្រោះនេះ គឺជាផ្នែកមួយនៃការលើកកម្ពស់វិស័យទេសចរណ៍ជាតិឱ្យកាន់តែប្រសើរឡើង ៕
ដោយ៖ ស តារា