អុីរ៉ង់បានគំរាមចាត់វិធានការសងសឹកយ៉ាងខ្លាំងប្រឆាំងនឹងអុីស្រាអែល ដែលជាការឆ្លើយតបនឹងការសម្លាប់មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមរបស់អុីរ៉ង់នៅលើទឹកដីស៊ីរី។
អ្នកនាំពាក្យក្រសួងការពារជាតិអុីរ៉ង់បាននិយាយនៅក្នុងសន្និសីទកាសែតនៅទីក្រុងតេអេរ៉ង់ថា ប្រទេសនេះនឹងឆ្លើយតបដោយហៅសកម្មភាពនេះថាជាឧក្រិដ្ឋកម្មភេរវករ។
កន្លងមក កាលពីថ្ងៃទី 25 ខែធ្នូ មន្ត្រីអុីរ៉ង់បានប្រកាសថា លោក Razi Mousavi ដែលជាមេបញ្ជាការជាន់ខ្ពស់ម្នាក់នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាម បានទទួលមរណភាពហើយ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អុីស្រាអែលនៅលើជាយក្រុង Damascus របស់ប្រទេសស៊ីរី។ លោក Mousavi គឺជាទីប្រឹក្សាជើងចាស់ម្នាក់នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមរបស់អុីរ៉ង់នៅក្នុងប្រទេសស៊ីរី ហើយក៏ជាអ្នកទទួលខុសត្រូវក្នុងការសម្របសម្រួលសម្ព័ន្ធភាពយោធារវាងអុីរ៉ង់នឹងស៊ីរីផងដែរ៕ ដោយ៖ ធីរីណា
រូបថត៖ quochoitv