ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបពិភាក្សាការងាររវាងតំណាងក្រុមហ៊ុន Huawei ជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន Huawei Technologies Co., Ltd. ដឹកនាំដោយលោក Yao Yuya ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជានាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ។ 

ក្នុងជំនួបនាឱកាសនេះតំណាងក្រុមហ៊ុន Huawei បានធ្វើបទបង្ហាញជូន លោកឧបនាយករដ្ឋមន្ត្រី អំពីសមិទ្ធផលនិងកិច្ចការងារសង្ខេបរបស់ខ្លួននៅកម្ពុជាក្នុងរយៈពេល២៥ឆ្នាំកន្លងទៅលើប្រតិបត្តិការបច្ចេកវិទ្យា និងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញបង្កើនធនធានមនុស្ស និងគាំទ្រដល់រាជរដ្ឋាភិបាលឌីជីថល។ 

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចុះទស្សនកិច្ចដល់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្ទាល់ ក្នុងទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន ដោយក្នុងដំណើរទស្សនកិច្ចនេះក្រុមហ៊ុនក៏បានបង្ហាញអំពីនវានុវត្តឌីជីថលមួយចំនួនរួមមាន ប្រព័ន្ធរដ្ឋបាលឌីជីថល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធកំពង់ផែឌីជីថល ប្រព័ន្ធអាកាសយានដ្ឋានឆ្លាតវៃ ទីក្រុងឌីជីថល ប្រព័ន្ធគ្រប់គ្រងថាមពលឌីជីថល ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល និងប្រព័ន្ធទំនើបផ្សេងៗទៀត ដែលជាកាលានុវត្តភាពបច្ចេកវិទ្យាសម្រាប់កម្ពុជាផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖