ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមុខងារសាធារណៈ ៖ លោក ហ៊ុន ម៉ានី មិនបាននាំយកក្រុមការងារបច្ចេកទេសមកក្រសួងមុខងារសាធារណៈឡើយ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេលថ្មីៗនេះ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាលជាមួយនឹងអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានបច្ចេកទេសនានា របស់ក្រសួងមុខងារសាធារណៈ ជាបន្តបន្ទាប់ និងដែលទើបតែត្រូវបានបញ្ចប់កាលពីម្សិលមិញនេះ។ ទន្ទឹមនឹងនេះ អ្វីដែលជាការកត់សម្គាល់ចេញពីជំនួបកន្លងមកនោះ និងតាំងពីពេល លោករដ្ឋមន្ត្រីកាន់តួនាទី ភារកិច្ចជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ  លោក ហ៊ុន ម៉ានី មិនបាននាំយកក្រុមការងារបច្ចេកទេសមកក្រសួងមុខងារសាធារណៈឡើយ។ ក្រៅពីក្រុមការងារ និងមន្ត្រីនៅខុទ្ទកាល័យ មានតែក្រុមការងារក្នុងកម្រិតនយោបាយតែប៉ុណ្ណោះដែលមានវត្តមានជាមួយ លោកនៅក្រសួងមុខងារសាធារណៈ។ នេះជាការបញ្ជាក់លើផេក ក្រសួងមុខងារសាធារណៈ  នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។ 

ក្នុងជំនួបនីមួយ លោក តែងតែបានលើកឡើងថា ការធ្វើបែបនេះ ដោយសារ លោក មានទំនុកចិត្តខ្ពស់ និងមានភាពជឿជាក់លើសមត្ថភាព របស់ក្រុមការងារបច្ចេកទេសទាំងអស់ ដែលមានស្រាប់នៅក្រសួងមុខងារសាធារណៈ ព្រោះក្រុមការងារទាំងអស់គ្នាសុទ្ធមានចំណេះ ជំនាញបច្ចេកទេស និងបទពិសោធន៍ជាច្រើនឆ្នាំលើការងាររួចមកហើយ។ លោក បានលើកឡើងបន្ថែមថា អ្វីដែលយើងបន្តធ្វើគឺ រួមសហការគ្នា ជាមួយការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ ក្នុងគោលដៅ កែប្រែទស្សនវិស័យរបស់សម្តេចធិបតីជាសមិទ្ធកម្មការងារពិតប្រាកដ ហើយឆ្លើយតបជាមួយការងារកែទម្រង់រដ្ឋបាលសាធារណៈដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

គួររំលឹកផងដែរថា កិច្ចប្រជុំកន្លងមក ត្រូវបានរៀបចំឡើងក្នុងគោលបំណងឈ្វេងយល់ពីគ្នាទៅវិញទៅមក ស្តាប់របាយការណ៍ និងបទពិសោធន៍ ព្រមទាំងជាឱកាសសម្រាប់ការលើកឡើងនូវបញ្ហាប្រឈមដែលក្រុមការងារបានជួបប្រទះកន្លងមក ដើម្បីសិក្សា និងស្វែងរកដំណោះស្រាយជាមួយគ្នា ហើយឆ្លើយតបជាមួយនឹងការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕

ដោយ ៖ សិលា


ចែករំលែក៖