ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ! មាននាវាទេសចរណ៍បរទេសមួយគ្រឿងទៀត ដែលមានផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ៩៥៩នាក់ បានចូលចតនៅកំពង់ ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នេះ មាននាវាទេសចរណ៍បរទេសមួយគ្រឿងទៀត ដែលមានផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ៩៥៩នាក់ បានចូលចតនៅកំពង់ ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើ​ទស្សន​កិច្ច​នៅ​ខេត្ដព្រះសីហនុ រយៈពេល១ថ្ងៃ មុនចាក ចេញទៅវិញនៅយប់នេះ ។

នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា : នាវា​​ដែល​ចូលចតថ្ងៃនេះ មានឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បាន​ធ្វើ​ដំណើរ​មក​ពីប្រទេសថៃ ដែលមានផ្ទុកអ្នកដំណើរ ចម្រុះជាតិសាសន៍ ហើយជាតិ​សាសន៍​ដែល​ច្រើន​ជាង​គេ គឺសញ្ជាតិអាមេរិក និងអូស្រ្ដាលី ។

មួយរយៈពេល​ចុងក្រោយនេះ បន្ទាប់ពីវិបត្ដិជំងឺកូវីដ-១៩បានបញ្ចប់ មាននាវាទេសចរណ៍បរទេស បាន​ចូលចតជាបន្ដ បន្ទាប់នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ទស្សន​កិច្ច​ក្នុង​ខេត្ដ​ព្រះសីហនុ និងព្រះរាជាណាចក្រកម្ពុជា។

ការចូលចតនាវាទេសចណ៍ បានផ្ដល់​ឱកាស​ឱ្យ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​បាន​ទស្សនា​ពី​វឌ្ឍនភាព​ខេត្ដព្រះសីហនុនិងបានស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និង​ធន​ធាន​ធម្មជាតិ​ដ៏​សម្បូរបែបរបស់ខេត្ដព្រះសីហនុ ដែល អាចឱ្យភ្ញៀវទេសចរ បន្ដផ្សព្វផ្សាយ​ពី​ខេត្ដ​ព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ សម្រាប់លើក កម្ពស់​វិស័យ​ទេសចរណ៍ឡើងវិញ ។

សូមបញ្ជាក់ថា : កាលពីម្សិលមិញកម្ពុជា បានស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជា បន្ថែមទៀត ដោយបាននាំអ្នកទេសចរជាង ២០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។

នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  អតីតនាយករដ្ឋមន្ត្រី  និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ  ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក  ដែលជាទង្វេីមនុស្សធម៌  ជួយសង្គ្រោះជីវិត  លេីកកម្ពស់សិទ្ធិរស់រានមានជីវិត  និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។

“កម្ពុជាតូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរជាង ២២០០នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ ការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច  គឺបានសរបញ្ជាក់ច្បាស់  ពីចក្ខុវិស័យដ៏វែងឆ្ងាយ  និងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន ៕

ដោយ ៖ សិលា


ចែករំលែក៖