ព័ត៌មានទាន់ហេតុការណ៍៖

ទាស់ពាក្យសម្តីក្លាយជាហិង្សាបងថ្លៃខឹងសម្បារទាញពូថៅកាប់ទៅលើប្អូនថ្លៃស្រីបណ្តាលឲ្យរងរបួសដេរជាច្រើនថ្នេរ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្ត្រីជាប្អូនថ្លៃស្រីម្នាក់ បានរងរបួសដេរជា ច្រើនថ្នេរ ហើយត្រូវបានក្រុមគ្រួសារនិងសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលទាស់ ពាក្យសម្តីគ្នា ជាមួយបងថ្លៃ ហើយដោយទប់កំហឹងមិន បានបងថ្លៃរូបនោះស្ទុះទៅទាញពូថៅ កាប់ទៅលើប្អូនថ្លៃស្រីបណ្តាលឲ្យរងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង ៤០នាទីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិតាធម្ម ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកបសេដ្ឋបានឲ្យដឹងថា ជនសង្ស័យដៃដល់ជាបងថ្លៃ ដែលនគរបាលឃាត់ខ្លួនបានមាន ឈ្មោះ នៅ សុភាក់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុជនសង្ស័យបានទាស់ពាក្យសម្តីជាមួយប្អូនថ្លៃស្រី ហើយបានធ្វើ សកម្មភាពទាញយកពូថៅដងឬស្សី១ដើម ប្រវែង៤០ សង់ទីម៉ែត្រ ‌កាប់ទៅលើជនរងគ្រោះ ឈ្មោះ ភឿន ប៊ុនរី ភេទស្រីអាយុ៤១ឆ្នាំ ត្រូវជាប្អូនថ្លៃរស់នៅភូមិឃុំជាមួយ គ្នា ចំនួន០២ពូថៅបណ្តាលឱ្យរងរបួសត្រង់ចំណុច កខាងឆ្វេង១ពូថៅដេរចំនួន៥ថ្នេរ និងរងរបួសត្រង់ចំណុចក្បាលផ្នែកខាងឆ្វេង ដេរចំនួន៣ថ្នេរថែមទៀតផង។

មន្ត្រីនគរបាលដដែលបានបន្តទៀតថា មូលហេតុដែលឈានទៅដល់ការប្រើពូថៅកាប់នេះ ដើមចមបណ្ដាល មកពីទំនាស់ពាក្យសម្តីគ្នាទៅវិញទៅមក ហើយបុរសជាបងថ្លៃទប់កំហឹងមិនបាន។

នគរបាលបានបញ្ជាក់បន្ថែមថា ក្រោយពីបានទទួលព័ត៌មានខាងលើកម្លាំងជំនាញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលបានចុះទៅកន្លែងកើតហេតុ និង បានធ្វើការឃាត់ខ្លួន ជនសង្ស័យ យកមកសាកសួរ និងបន្តនីតិវិធី។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ នៅ សុភាក់ បានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាព ប្រើពូថៅ កាប់ទៅលើជនរងគ្រោះ ឈ្មោះ ភឿន ប៊ុនរី ត្រូវជាប្អូនថ្លៃបណ្តាលឲ្យរងរបួសពិតប្រាកដមែន៕

ដោយ៖ សូរិយា


ចែករំលែក៖