ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣ លោក វង សូត អនុប្រធានទី២រដ្ឋសភា ព្រមទាំង លោក លោកស្រី សមាជិក សមាជិការដ្ឋសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ(២៩ធ្នូ ១៩៩៨-២៩ធ្នូ ២០២៣) នៃការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋខ្មែរពិតជាសប្បាយរីករាយជាទីបំផុត ជាមួយនឹងសន្តិភាពដែលទទួលបានពីភាពជោគជ័យនៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដោយបានរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម នាំមកនូវសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹកដី ដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំនៃប្រវត្តិសាស្ត្រចុងក្រោយរបស់កម្ពុជា។
យើងខ្ញុំសូមគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ដ៏ឆ្នើម មានភាពជាអ្នកដឹកនាំដ៏ថ្លៃថ្លា ជាស្ថាបនិកសន្តិភាព និងឥស្សរជនជាតិជាច្រើនទៀត ដែលបានពលីកម្មសព្វបែបយ៉ាង បូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុនាំមកនូវសុខសន្តិភាព និងការអភិឌ្ឍជូនជាតិមាតុភូមិកម្ពុជា។
ក្រោមម្លប់សន្តិភាព ដែលជាមរតកដ៏មានតម្លៃគ្មានអ្វីកាត់ថ្លៃបាន កម្ពុជាក្នុងសម័យថ្មី ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេន ពោរពេញដោយសមត្ថភាព និងមានសីលធម៌ខ្ពស់ កម្ពុជានឹងទទួលបាននូវការអភិវឌ្ឍកាន់តែឆាប់រហ័ស មានកេរ្តិ៍ឈ្មោះល្បាញល្បីបោះសំឡេងលើឆាកអន្តរជាតិ តាមរយៈការសាបព្រោះនូវវប្បធម៌សន្តិភាព ក្តីស្រឡាញ់សន្តោសប្រណីដល់មនុស្សជាតិទូទាំងពិភពលោក ដូចអ្វីដែលមិត្តភក្តិបរទេសបានលើកឡើងថា “កម្ពុជាប្រទេសតូច បេះដូងធំ”។
យើងទាំងអស់គ្នា ត្រូវខិតខំការពារ ថែរក្សាសុខសន្តិភាព ដែលបានមកដោយលំបាកនេះ ឱ្យគង់វង្សស្ថិតស្ថិរសម្រាប់កូនចៅខ្មែរជំនាន់ក្រោយៗ ជារៀងរហូតតទៅ ៕
ដោយ ៖ សិលា