ព័ត៌មានទាន់ហេតុការណ៍៖

លោក កឹម ជាតិ ពាក់ព័ន្ធរឿងទារលុយ១០ម៉ឺនដុល្លារ និងស្រាចំនួន៤៨ដប មានបញ្ហាសុខភាព ពេលសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌសាកសួរ បានខ្សោយកម្លាំងដួល

ចែករំលែក៖

ភ្នំពេញ ៖ លោក កឹម ជាតិ បានដួលសន្លប់ក្រោយពីសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធីក្នុងពេលឆ្លើយបំភ្លឺនៅនាយដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ពាក់ព័ន្ធរឿងទារលុយ១០ម៉ឺនដុល្លារ និងស្រាចំនួន៤៨ដប តាមបណ្តឹងរបស់ក្រុមហ៊ុនឈីវទីម៉ិចគ្រុប នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមុិញ

សូមបញ្ជាក់ថា ៖ លោក កឹម ជាតិ ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។ ក្រោយមក លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអោយខាងអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បញ្ជូនសំណុំរឿងមកសមត្ថកិច្ច នាយដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ  ក្រោមការចំណាត់ការ របស់អគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធរឿងទារលុយ១០ម៉ឺនដុល្លារ និងស្រាចំនួន៤៨ដប តាមបណ្តឹងរបស់ក្រុមហ៊ុនឈីវទីម៉ិចគ្រុប ។ 

ពាក់ព័ន្ធបញ្ហានេះ មិនអាចសុំការបំភ្លឺបានពី លោក ទូច សុខ: អ្នកនាំពាក្យក្រសួងមហាផ្ទៃ អាចលោកមានធុរៈ ដោយសារថ្ងៃនេះ ជាពិធី អបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់តបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកតដ្ឋមន្ត្រី នៃកម្ពុជា ។ 

ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃ នាយដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ពិតជាមានបញ្ហាសុខភាពមែន លោក កឹម ជាតិ កាលពីម្សិលមុិញ ។

សូមរម្លឹកថា៖ បើតាមប្រកាសដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ គឺលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ចមន្ដ្រីនគរបាលជាតិ ចំនួន៥០នាក់ ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅបណ្ដានាយកដ្ឋាន អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិវិញ។ ហើយលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ក៏ត្រូវបានដកហូតតំណែងពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើប្រធាននាយកដ្ឋានវិញ 

ដោយ ៖ សិលា


ចែករំលែក៖